មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុង។
លោក Jimmy Lai សេដ្ឋីបណ្តាញព័ត៌មានក្រុងហុងកុងបានត្រូវចាប់ខ្លួនលើបទសង្ស័យពីការឃុបឃិតជាមួយកម្លាំងបរទេសនៅក្រោមច្បាប់សន្តិសុខជាតិថ្មី។ នេះតាមអ្នកជំនួយការជាន់ខ្ពស់របស់លោកបាននិយាយនៅក្នុង Twitter នៅក្នុងអ្វីដែលជាការចាប់ខ្លួនមនុស្សល្បីល្បាញបំផុតនៅក្រោមច្បាប់នោះ។
លោក Lai ជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយចិន និងជាអ្នករិះគន់ឥតសំចៃម្នាក់ដល់រដ្ឋាភិបាលក្រុងប៉េកាំងដែលបានដាក់ឱ្យប្រើច្បាប់ថ្មីលើទីក្រុងហុងកុងកាលពីថ្ងៃទី៣០ ខែមិថុនា ដែលបានធ្វើឱ្យមានការថ្កោលទោសពីបណ្តាប្រទេសលោកខាងលិច។
ច្បាប់សន្តិសុខថ្មីនោះដាក់ទោសអ្វីដែលចិនចាត់ទុកថាជាការធ្វើវិទ្ធង្សនា ការបំបែករដ្ឋ ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសដោយមានការជាប់ពន្ធនាគារអាចដល់អស់មួយជីវិត។
ពួកអ្នករិះគន់និយាយថា ច្បាប់នោះ បង្ក្រាបសេរីភាពនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យ ភាព ខណៈដែលពួកអ្នកគាំទ្រនិយាយថា ច្បាប់នោះនឹងធ្វើឱ្យមានស្ថិរភាពបន្ទាប់ពីការតវ៉ាដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងយូរកាលពីឆ្នាំទៅមក។
លោក Mark Simon ជានាយកប្រតិបត្តិនៅឯក្រុមហ៊ុនបណ្តាញព័ត៌មាន Next Digital របស់ក្រុមហ៊ុនលោក Lai ដែលបានបោះពុម្ភផ្សាយកាសែតប្រចាំថ្ងៃក្នុងស្រុក Apple Daily បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា «លោក Jimmi Lai ត្រូវបានគេចាប់ខ្លួនពីបទឃុបឃិតជាមួយមហាអំណាចបរទេសនៅថ្ងៃនេះ»។
ប៉ូលិសមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
កាសែត Apple Daily បានរាយការណ៍ថា លោក Lai បានត្រូវគេនាំចេញពីផ្ទះរបស់លោកនៅក្នុងសង្កាត់ Ho Man Tin នៅព្រឹកថ្ងៃចន្ទនេះ។ កាសែតនោះ បានប្រាប់ឱ្យដឹងទៀតថា លោក Ian ដែលជាកូនប្រុសរបស់លោក Lai ក៏ត្រូវបានចាប់ខ្លួននៅឯផ្ទះរបស់លោកដែរ៕