ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េឆ្នាំ២០២៣។
កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគ្រប់គ្រងដំណើរការកម្មវិធីដោយ K've Entertainment និងឧបត្ថម្ភដោយក្រុមហ៊ុនចំនួន ៨ ដោយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនកូរ៉េផងដែរ ដែលជាហេតុនាំឱ្យព្រឹត្តិការណ៍លើកនេះកាន់តែមានភាពសម្បូរបែបជាងឆ្នាំមុនៗ។
លើសពីនេះទៀត ដើម្បីគាំទ្រដល់ពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ ២០៣០ សកម្មភាពផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ ២០៣០ ត្រូវបានធ្វើការបញ្ចាំងវីដេអូផ្សព្វផ្សាយពាក់ព័ន្ធនៅនឹងកន្លែងកម្មវិធីផងដែរ។
ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ៥០ ក្រុម សរុបមានបេក្ខជន-បេក្ខនារីចំនួន ១៥២ រូប រួមជាមួយនឹងក្រុមម្ចាស់ជ័យលាភី និងក្រុមម្ចាស់ជ័យលាភីរងនៅក្នុងកម្មវិធីប្រកួតរបស់ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចំនួន២ក្រុមទៀត សរុប ទាំងអស់មានចំនួន១២ក្រុម បានឡើងមកប្រកួតនៅវគ្គជម្រុះប្រចាំតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការស្រលាញ់ ព្រមទាំងការតស៊ូខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ភាពស្ទាត់ជំនាញ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន។
បន្ទាប់ពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញមក ‘REONCE' បានឈ្នះជើងឯកតាមពីក្រោយដោយ 'The Bling ' នៅចំណាត់ថ្នាក់លេខ ២ និង 'Sunday Taekwondo Team’ នៅចំណាត់ថថ្នាក់លេខ ៣។ អ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ទី ២ និងទី ៣ ដែលត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះប្រចាំតំបន់នៅព្រះរាជាណាចក្រកម្ពុជា នឹងមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ K-Pop World Festival លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Changwon ខេត្ត Gyeongsangnam-do ប្រទេសកូរ៉េក្នុងខែតុលាខាងមុខនេះ។
ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះអាចបញ្ជាក់ពីស្មារតីពុះកញ្ជ្រោលរបស់យុវជនកម្ពុជា ហើយលោករំពឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀត តាមរយៈវិស័យ K-pop ដែលបានក្លាយជាវប្បធម៌របស់មនុស្សជាតិលើពិភពលោក។
ទន្ទឹមគ្នានេះដែរ ក្នុងព្រឹត្តិការណ៍នេះ ព្រះនាង នរោត្តម ជេនណា ចូលរួមជាភ្ញៀវកិត្តិយស និងបានបង្ហាញការសម្តែងពិសេស ហើយអត្តពលិក ប៊ូ សំណាង កីឡាការិនីរត់ចម្ងាយ ៥,០០០ម៉ែត្រ ដែលបានបង្ហាញភាពអត់ធ្មត់ ទោះបីមានភ្លៀងធ្លាក់ខ្លាំង ក៏នៅតែតស៊ូរត់រហូតដល់ទីបញ្ចប់ មិនបោះបង់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក៏បានចូលរួមជាភ្ញៀវពិសេស និងទទួលបានការសាទរផងដែរ។
លើសពីនេះទៀត នៅដើមកម្មវិធី ស្ថានទូតនៃសាធារណរដ្ឋកកូរ៉េ ប្រចាំកម្ពុជា ចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ដើម្បីសកម្មភាពផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ។