Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa និងម្ចាស់មូលបត្របំណុលព្រមព្រៀងរៀបចំបំណុលបរទេសឡើងវិញ

Media LNN | Aug 21, 2024
ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa និងម្ចាស់មូលបត្របំណុលព្រមព្រៀងរៀបចំបំណុលបរទេសឡើងវិញ
Clinic narith

(ហុងកុង)៖ ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa Group នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសពីកិច្ចព្រមព្រៀងរៀបចំបំណុលបរទេសឡើងវិញជាមួយក្រុមម្ចាស់បំណុលសំខាន់ៗរបស់ខ្លួន ដោយប្តូរបំណុលដែលមានស្រាប់ទៅជាមូលបត្របំណុលថ្មី និងភាគហ៊ុននៅក្នុងក្រុមហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងហ្សិនចិននេះបាននិងកំពុងធ្វើការងាររៀបចំបំណុលបរទេសរបស់ខ្លួនឡើងវិញគិតចាប់តាំងពីបរាជ័យសងបំណុលសម្រាប់មូលបត្របំណុលបរទេសចំនួន ១២ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ២០២១។ ផែនការរៀបចំបំណុលឡើងវិញនេះក៏គ្របដណ្តប់លើបំណុលផ្សេងទៀតរួមទាំងប្រាក់កម្ចី និងមូលបត្រដែលមានមូលដ្ឋានលើទ្រព្យសកម្មជាប្រាក់យន់ផងដែរ។

ក្រុមហ៊ុន Kaisa គឺជាក្រុមហ៊ុនបោះផ្សាយមូលត្របំណុលបរទេសធំជាងគេទីពីរក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន China Evergrande Group ហើយនៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតដែលបោះផ្សាយមូលបត្របំណុលជាប្រាក់ដុល្លារ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើនបានបរាជ័យសងបំណុលរបស់ខ្លួនគិតចាប់តាំងពីវិស័យនេះបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១ ហើយមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលបានបញ្ចប់ការរៀបចំបំណុលបរទេសរបស់ពួកគេឡើងវិញ។

ទិភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារមួយដែលចេញផ្សាយដោយក្រុមហ៊ុន Kaisa ថា ក្នុងការរៀបចំបំណុលឡើងវិញនេះ ក្រុមហ៊ុននឹងបោះផ្សាយមូលបត្របំណុលចំនួនប្រាំមួយលើក ដែលអាយុកាលកំណត់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២ ដោយមានអត្រាការប្រាក់ពី ៥ភាគរយដល់ ៦,២៥ភាគរយ និងមូលបត្របំណុលដែលអាចបំប្លែងទៅជាភាគហ៊ុនចំនួន៨លើកដែលមានអាយុកាលកំណត់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣២៕