
ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេសលោក កាន់ ផារិទ្ធ បានបំពាក់មេដាយកិត្តិយសសហមេត្រីរបស់រាជរដ្ឋាភិបាល ជូនលោក Lou McGrath នាយកប្រតិបត្តិមូលនិធិ Sir Bobby Charlton Foundation សម្រាប់ការងារមនុស្សធម៌ ដែលបានជួយដល់ជនរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ អាជ្ញាធរមីនថ្លែងថា អាជ្ញាធរមីនបានសម្របសម្រួល និងធ្វើការជាមួយស្ថានទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេសរួចហើយក្នុងការបំពាក់មេដាយជូនលោក Lou McGrath កាលពីថ្ងៃទី ១៤ មេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនដែលភ្នំពេញប៉ុស្តិ៍បានទទួលនាថ្ងៃទី ១៥ ខែមេសា។
លោកថ្លែងថា ចាប់តាំងពីការបង្កើតឡើងកាលពី ១១ ឆ្នាំមុន មូលនិធិ Sir Bobby Charlton ក្រោមការដឹកនាំរបស់លោក Lou McGrath បានគាំទ្រការបោសសម្អាតមីន និងជាតិផ្ទុះសល់ពីសង្គ្រាមដ៏សំខាន់នៅក្នុងតំបន់ ក៏ដូចជាការបង្កើតកម្មវិធីអប់រំពីហានិភ័យដោយសារ មីន និងកម្មវិធីបណ្តុះបណ្តាលអវយវៈ សិប្បនិម្មិត និងផ្តល់មូលនិធិដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពក្នុងខេត្តពោធិ៍សាត់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មូលនិធិ Sir Bobby Charlton តាមរយៈ អាជ្ញាធរមីនបានចូលរួមជួយសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគ្រួសាររងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «ដោយសារជំងឺកូវីដ ១៩ ពិធីបំពាក់មេដាយបានធ្វើឡើងនៅចក្រភពអង់គ្លេសសាល Booths, Knutsford និងមានការចូលរួម ដោយអភិបាលក្រុង Knutsford លោក Cllr Stewart Gardner។
លោក Lou McGrath បានប្រាប់លោក លី ធុជ តាមរយៈបណ្តាញទំនាក់ទំនង WhatsApp ថា វាជាកិត្តិយសសម្រាប់ក្រុមប្រឹក្សាភិបាលនៃមូលនិធិ Sir Bobby Charlton ដែលបានទទួលនូវមេដាយកិត្តិយសនេះ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរមីន។ លោកថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានចូលរួមជាមួយសកម្មភាពមីននៅកម្ពុជា ហើយបានបង្កើតមិត្តយ៉ាងច្រើននៅកម្ពុជា។ លោក «សូម» ចែករំលែកកិត្តិយសនេះជូនដល់មិត្តភក្ដិកម្ពុជា ដែលបានចូលរួមជាមួយលោកក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លោក Lou McGrath បានថ្លែងអំណរគុណដល់អាជ្ញាធរមីន ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវគោលបំណង និងគោលដៅនៃសន្ធិសញ្ញា ហាមប្រាមគ្រាប់មីនក្នុងនាមជាប្រទេសហត្ថលេខី»។
មូលនិធិ Sir Bobby Charlton Foundation បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ១១ ខែមេសា ថា មូលនិធិបាននិងកំពុងធ្វើការឆ្ពោះទៅរកការចាប់ផ្តើមគំនិតផ្តួចផ្តើមដែលហៅកម្មវិធីលេងមានសុវត្ថិភាព សម្រាប់កុមារ (Safe Play) ដែលនឹងផ្តល់នូវតំបន់គ្មានមីន សម្រាប់ក្មេងៗអាចលេងកម្សាន្ត ដោយគ្មានហានិភ័យនៃការរងរបួសពីសំណល់ជាតិផ្ទុះនៃសង្គ្រាម (ERW)។
លោក Lou McGrath ចំណាយពេល ៣៥ ឆ្នាំចុងក្រោយនេះ ដោយបានធ្វើការជាមួយសហគមន៍ជុំវិញពិភពលោក ដែលជីវិតមនុស្សរងផលប៉ះពាល់ដោយសារសង្គ្រាម និងជម្លោះ។ លោកបានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៩៧។
លោកថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលទទួលបានមេដាយកិត្តិយស សហមេត្រីដ៏គួរជាទីមោទនៈពីព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះអ្នកផ្តល់ [ទំនុកចិត្ត] និងអ្នកផ្តល់ការគាំទ្រដ៏មានតម្លៃរបស់យើង»។
បើតាមរបាយការណ៍របស់អាជ្ញាធរមីននៅកម្ពុជាចាប់ពីឆ្នាំ ១៩៧៩ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបង្កឱ្យមនុស្ស ១៩ ៨១៣ នាក់ស្លាប់ របួសចំនួន ៣៦ ០៩៧ នាក់ និងពិការ ៩ ០៧២ នាក់។ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែកម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរមីនបានរំដោះតំបន់ដែលមានគ្រាប់មីនជាង ២,៣ ពាន់លានម៉ែត្រក្រឡា៕