Alynana Media Cambodia
Icon Collap
clinic narit

ប្រធានរដ្ឋសភាអាមេរិក លោក McCarthy ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

Media LNN | Oct 04, 2023
ប្រធានរដ្ឋសភាអាមេរិក លោក McCarthy ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ
Clinic narith

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានបោះឆ្នោតទម្លាក់លោក Kevin McCarthy ចេញពីតំណែងជាប្រធាន សភាតំណាងរាស្ត្រ (រដ្ឋសភា) ហើយ ដែលជាលទ្ធផលកើតចេញពីជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

លោក Kevin McCarthy ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែង ក្នុងសំឡេងគាំទ្រ ២១៦ ទល់នឹង២១០សំឡេងជំទាស់ កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលសភាតំណាងរាស្ត្របោះឆ្នោត ដកតំណែងប្រធានរបស់ខ្លួន។ នៅក្នុងការបោះឆ្នោតនេះ សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ ៨រូប បានចែកផ្លូវជាមួយលោក McCarthy ទៅចូលរួមជាមួយអ្នកប្រជាធិបតេយ្យ ២០៨រូប ដើម្បីដកតំណែងរូបលោក។ លោក McCarthy ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាលោកនឹងមិន ចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានសភាតំណាងរាស្ត្រជាថ្មីនោះទេ។

គួរបញ្ជាក់ថា លោក Kevin McCarthy ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រម្នាក់នៅក្នុងគណបក្សរបស់លោក គឺលោក Matt Gaetz បានដំណើរការនីតិវិធីបោះឆ្នោតដកតំណែង ដោយសារតែខឹងសម្បារនឹងលោក McCarthy ដែលបានសហការជាមួយ គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកាមួយ ដើម្បីបញ្ចៀស Shutdown កាលពីសប្ដាហ៍មុន។

ជាមួយគ្នានោះដែរ តាមការឱ្យដឹងពីអ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) លោកប្រធានាធិបតី ចូ បៃដិន សង្ឃឹមថាសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សសាធារណរដ្ឋ នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងឆាប់ៗ។ គណបក្សសាធារណរដ្ឋ គ្រោងនឹង បើកកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាពីអ្នកត្រូវបន្តវេនពីលោក McCarthy ខណៈការបោះឆ្នោតជ្រើសរើស ប្រធានសភាតំណាងរាស្ត្រថ្មី អាចនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា៕