សារព័ត៌មានជប៉ុននីកេអេស៊ាបានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (Mitsubishi) របស់ប្រទេសជប៉ុន នឹងទិញយកក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញរថយន្តដ៏ធំបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃ ៧ ទ្រីលានរូពីរបស់ឥណ្ឌូនេស៊ី ឬប្រហែលជា ៤៦៥ លានដុល្លារ ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មផ្ដល់កម្ចីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ការទិញក្រុមហ៊ុនឥណទានរថយន្តរបស់ឥណ្ឌូនេស៊ីជាករណីចុងក្រោយបង្អស់របស់ធនាគារដ៏ធំបំផុតមួយនៅប្រទេសជប៉ុន ដែលបានបង្កើនការទិញរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញប្រជាជនថ្នាក់កណ្ដាលកាន់តែច្រើនឡើងៗ ខណៈដែលសេដ្ឋកិច្ចនៅក្នុងតំបន់នេះបន្តកើនឡើង។
សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (MUFG) របស់ជប៉ុន និងក្រុមហ៊ុនហិរញ្ញវត្ថុ ភីធី អាឌីរ៉ា ឌីណាមីកា (PT Adira Dinamika) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមីតស៊ុយប៊ីស៊ី និងដែលផ្តល់ប្រាក់កម្ចីទិញរថយន្ត នឹងរួមគ្នាទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុមែនដាឡា (Mandala) របស់ឥណ្ឌូនេស៊ី។
ក្រុមហ៊ុន Mandala ផ្តល់ប្រាក់កម្ចីសម្រាប់ការទិញម៉ូតូ ដោយរកបានប្រាក់ចំណូលប្រហែល ១២៥ លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២២។ ក្រុមហ៊ុននេះក៏ផ្តល់ប្រាក់កម្ចីដោយដាក់ម៉ូតូបញ្ចាំដែលជារឿយៗត្រូវបានប្រើសម្រាប់ទិញគ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។
សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (MUFG) សង្ឃឹមថានឹងមានតម្រូវការមូលនិធិច្រើនក្នុងចំណោមពលរដ្ឋថ្នាក់កណ្តាល ដែលកំពុងកើនឡើងនៅប្រទេសឥណ្ឌូនេស៊ី ហើយធនាគារនេះជឿថា ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Mandala នឹងបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត។
ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់រថយន្ត និងម៉ូតូ ហើយការលក់រថយន្តបានកើនឡើង ១៨% គឺឡើងដល់ជាង ១ លានគ្រឿងក្នុងឆ្នាំ២០២២ ខណៈដែលការលក់ម៉ូតូបានកើនឡើង ៣% គឺឡើងដល់ជាង ៥ លានគ្រឿង។ នេះបើតាមក្រុមឧស្សាហកម្មមួយ។
សូមបញ្ជាក់ថា បើគិតចាប់តាំងពីរដូវក្ដៅឆ្នាំមុនមកទល់នឹងពេលនេះគឺថា នេះគឺជាលើកទី៤ហើយដែលក្រុមហ៊ុនជប៉ុនមីតស៊ូប៊ីស៊ីបានទិញ ក៏ដូចជាបោះទុនវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕