Alynana Media Cambodia
Icon Collap
clinic narit

ព្រឹទ្ធសភា ចុះ MOU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងការលើកកម្ពស់ ការពារសិទ្ធិផលប្រយោជន៍ជូនប្រជាពលរដ្ឋ

Admin Alynana | Feb 15, 2021
ព្រឹទ្ធសភា ចុះ MOU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងការលើកកម្ពស់ ការពារសិទ្ធិផលប្រយោជន៍ជូនប្រជាពលរដ្ឋ
Clinic narith

ភ្នំពេញ៖ ដោយមានគោលបំណង និងទិសដៅដូចគ្នា ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ ការពារសិទ្ធិផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសការការពារតាមផ្លូវច្បាប់ជូនស្ត្រីងាយរងគ្រោះ ដែលពុំមានលទ្ធភាពទទួលបានការការពារតាមផ្លូវច្បាប់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ 

មានចំណាប់អារម្មណ៍នាឱកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងគូភាគីទាំងពីរ ដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធជនគ្រប់រូប ជាពិសេសស្ត្រីរងគ្រោះ ឱ្យមានសិទ្ធសេរីភាពស្មើគ្នា ចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីឱ្យយើងអាចរស់នៅដោយសប្បាយរីករាយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។

ឯកឧត្តម យ៉ង់ សែម បានគូសបញ្ជាក់ថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងគូរភាគី ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិបុគ្គលដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តីនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តម យ៉ង់ សែម មានជំនឿជឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ខ្ពស់គូភាគីទាំងពីរ ដូចបានឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែច្រើន ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវ៉ៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញលេញ និងជិតស្និទ្ធជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីធានាភាពជោគជ័យនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើសេចក្តីថ្លែងការណ៍ដោយសង្ខេប អំពីសាវតារ និងសកម្មភាពការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានបង្កើតឡើងនាកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមមេធាវីនេះ បង្កើតឡើងសម្រាប់ជួយការពារដល់ស្ត្រីទន់ខ្សោយងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធីតាមផ្លូវច្បាប់ ដោយពុំទទួលប្រាក់កម្រៃសេវាពីប្រជាពលរដ្ឋ។ បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១៣៧រូប ដឹកនាំដោយប្រធាន ០១រូប និងអនុប្រធានចំនួន ១០រូប ព្រមទាំងមានវត្តមាននៅគ្រប់តាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម គី តិច បានគូសបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនត្រូវបានជ្រើសរើសយកជាដៃគូសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ក្នុងទិសដៅរួមធ្វើកិច្ចសហការអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនជនគ្រប់រូប ជាពិសេសចំពោះស្ត្រីទន់ខ្សោយ ងាយរងគ្រោះ ដែលពុំទាន់ទទួលបាននូវសិទ្ធិការពារស្របច្បាប់។ ក្រោយទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា និងក្រោមការដឹកនាំចង្អុយបង្ហាញ ព្រមទាំងគាំទ្រពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តច្បាប់សេវាគាំពារ និងយុត្ត្តិធម៌ក្នុងសង្គម ត្រូវបានលើកកម្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕