លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមានសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយស្មារតីបុរេសកម្មនិងទទួលខុសត្រូវខ្ពស់ និងបានបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និងពិភពលោក និងស្វែងរកទីផ្សារនាំចេញថ្មីៗ ជាពិសេសតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដោយចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បេសកកម្មនេះគឺដើរស្របតាមផែនការជាយុទ្ធសាស្រ្តនិងផែនការសកម្មភាព កំណត់ក្រោម «យុទ្ធសាស្រ្តអភិវឌ្បន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។ លោកបានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នានេះ។
សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងការបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ នយោជិត ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាពនិងសុខុមាលភាពការងារ៕