ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង់គ្លេសលោក Husam Zomlot បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងចងចាំទុកចំពោះប្រទេសដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ថ្លែងនៅក្នុងបរិវេណសភានាទីក្រុងឡុងដ៍ ក៏ដូចជានៅមុខហ្វូងមនុស្សដ៏ច្រើនកុះករដែលបានប្រមូលផ្តុំគ្នាដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន, លោក Zomlot បាននិយាយថា “យើងមិនអាចដឹងពីឧក្រិដ្ឋកម្មណាមួយកើតឡើងនៅពេលខាងមុខនោះទេ ស្របពេលដែលឥឡូវនេះអ៊ីស្រាអែលបានសម្លាប់មនុស្សស្លូតត្រង់រាប់ពាន់នាក់ រួមទាំងកុមារ ៣,០០០ នាក់ទៅហើយ” ។
លោកឯកអគ្គរដ្ឋទូតបាននិយាយទៀតថា “អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការបំផ្លាញផ្ទះសម្បែង សាលារៀន ព្រះវិហារ និងវិហារឥស្លាមរបស់យើង ។ អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការកាត់ផ្តាច់ទំនាក់ទំនងនៅតំបន់ហ្គាហ្សា ប៉ុន្តែអ្នកដឹងទេថាតើមកពីមូលហេតុអ្វី? នោះគឺដោយសារតែពួកគេចង់ប្រព្រឹត្តឧក្រិដ្ឋកម្មខ្មៅងងឹត” ។
ពាក់ព័ន្ធទៅនឹងការបោះឆ្នោតកាលពីថ្ងៃសុក្រនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីដំណោះស្រាយដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនោះ, លោក Zomlot បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានបោះឆ្នោតឲ្យមានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលមិនបានយកត្រចៀកស្តាប់រឿងនេះនោះទេ ។
សេចក្តីសម្រេចឲ្យមានបទឈប់បាញ់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១២០ សំឡេង, ប្រឆាំង ១៤ សំឡេង និងអនុប្បវាទ ៤៥ សំឡេង ហើយពាក់ព័ន្ធនឹងប្រទេសទាំង ១៤ ដែលបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនោះ, លោក Zomlot បានសង្កត់ធ្ងន់ថា “យើងនឹងចងចាំឈ្មោះពួកគេទុក” ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា “សាកស្រមៃមើលការបោះឆ្នោតប្រឆាំងនឹងការការពារជីវិតជនស៊ីវិល ប្រឆាំងនឹងច្បាប់អន្តរជាតិ ។ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សជាតិរបស់យើង? តើមានអ្វីកើតឡើងចំពោះតម្លៃរបស់យើង? តើមានអ្វីកើតឡើងចំពោះប្រព័ន្ធច្បាប់ស្មើភាពសម្រាប់យើងទាំងអស់គ្នា? ដូច្នេះជាចុងក្រោយលោកសូមជំរុញមេដឹកនាំពិភពលោកឲ្យក្រោកឈរឡើងចំពោះភាពអយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងអស់” ៕