ហ្វីលីពីន៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះដែលបានបោកបក់មកលើប្រទេសហ្វីលីពីនបានកើនឡើងដល់ ៩៨នាក់ហើយ ដោយមានក្តីសង្ឃឹមតិចតួចក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។
ជាងពាក់កណ្តាលនៃអ្នកស្លាប់បណ្តាលមកពីទឹកជំនន់កើនឡើងភ្លាមៗ និងបំណាក់ដីដែលកើតឡើងដោយព្យុះត្រូពិច Nalgae ដែលបានបំផ្លាញភូមិនានានៅលើកោះ Mindanao ភាគខាងត្បូងកាលពីថ្ងៃសុក្រ។ ប្រធានការពារជនស៊ីវិលនៅតំបន់ Bangsamoro កោះ Mindanao បាននិយាយថា យើងបានផ្លាស់ប្តូរប្រតិបត្តិការរបស់យើងពីការស្វែងរក និងជួយសង្គ្រោះទៅជាប្រតិបត្តិការទាញយកអ្នកស្លាប់ ព្រោះឱកាសនៃការរស់រានមានជីវិតបន្ទាប់ពីរយៈពេលពីរថ្ងៃគឺស្ទើរតែគ្មាន។
ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ដោយទីភ្នាក់ងារគ្រោះគ្រប់គ្រងមហន្តរាយជាតិបានកត់ត្រាមនុស្ស ៦៣នាក់នៅកំពុងបាត់ខ្លួននៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ខណៈមនុស្សច្រើននាក់រងរបួស។ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមដីល្បាប់ និងកម្ទេចកម្ទីដើម្បីរកសាកសពបន្ថែមទៀត។ ប្រជាជនក្នុងតំបន់បានបោសសំអាតដីល្បាប់ចេញពីលំនៅឋាន និងហាងរបស់ពួកគេ ខណៈគ្រឿងសង្ហារឹម និងរបស់របរផ្សេងទៀតដាក់ហាលនៅតាមដងផ្លូវ ដែលមានកម្តៅថ្ងៃក្នុងក្រុង Noveleta ភាគខាងត្បូងរដ្ឋធានីម៉ានីល៕