(ឡុងដ៍)៖ រុស្ស៉ីបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រមួយដ៏ធំ ខណៈប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅរដូវក្ដៅខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Times ដែលបាន ស្រង់សម្ដីមន្ត្រីលោកខាងលិចជាច្រើនរូប។
បើតាម The Times, ក្រុមមន្ត្រីអាមេរិកបាននិយាយថាសមាជិកភាព NATO សម្រាប់ហ្វាំងឡង់ និងស៊ុយអែត គឺជាប្រធានបទដ៏សំខាន់នៃ កិច្ចសន្ទនា និងកិច្ចប្រជុំជាច្រើនរវាងរដ្ឋមន្ត្រីការបរទេសនៃបក្សសម្ព័ន្ធយោធាមួយនេះ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ២ផងដែរកាលពីសប្ដាហ៍មុន។
តែយ៉ាងណាក៏ដោយ សារព័ត៌មាន The Times មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទដែលហ្វាង់ឡង់ និងស៊ុយអែតចូល NATO នោះទេ ខណៈ រុស្ស៉ីធ្លាប់បានព្រមានថានឹងចាត់វិធាការឆ្លើយតបយ៉ាងសមស្រប ដើម្បីការពារសន្តិសុខរបស់ខ្លួន៕