(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។
សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។
ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប» ជាក់ស្តែងកាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ «The Taste of Angkor» ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។
ក្នុងន័យនេះក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ ចំពោះការចូលរួមផ្តល់យោបល់កែលម្អ របស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ច ចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយ អំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕