អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងតិច ៣ នាក់ បានស្លាប់ និង ១៣ នាក់ រងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ។
អ្នកនាំពាក្យរបស់រដ្ឋបាលយោធាក្នុងតំបន់ លោក Serhiy Bratchuk បាននិយាយនៅលើតេឡេក្រាមថា រុស្ស៊ីបានបាញ់មីស៊ីល Kalibr ចំនួន ៤ គ្រាប់ ចេញពីនាវា ១ គ្រឿង នៅក្នុងសមុទ្រខ្មៅ។
លោកបាននិយាយថា ការវាយប្រហារទៅលើឃ្លាំងមួយ បានបណ្តាលឱ្យបុគ្គលិក ៣ នាក់ស្លាប់ និង ៧ នាក់ នាក់ផ្សេងទៀត រងរបួស។
លោកបានបន្ថែមថា៖ «ប្រហែលជាមានមនុស្សនៅក្រោមគំនរបាក់បែក»។
លោកបាននិយាយថា មនុស្ស ៦ នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាង និងអគារលំនៅឋានមួយកន្លែង នៅកណ្តាលទីក្រុង ត្រូវរងការខូចខាត ដោយសារការប្រយុទ្ធតាមផ្លូវអាកាស និងរលកនៃការវាយប្រហារ។
ការវាយប្រហារនេះ បានកើតឡើង ១ថ្ងៃ ក្រោយពីការវាយប្រហារដោយមីស៊ីលទៅលើស្រុកកំណើតរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ុលឌីមៀរ ហ្សេលេនស្គី បានបណ្តាលឱ្យមនុស្ស ១១ នាក់ស្លាប់។
Odesa គឺជាទិសដៅសម្រាកលំហែកាយជាទីពេញចិត្តសម្រាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ីជាច្រើន មុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនទាហានចូលអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន។
ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ ទីក្រុង Odesa ត្រូវបានវាយប្រហារជាច្រើនដង ដោយកងកម្លាំងរុស្ស៊ី។
នៅក្នុងខែមករា ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO បានកំណត់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុង Odesa ជាបេតិកភណ្ឌពិភពលោក នៅតំបន់គ្រោះថ្នាក់៕