អត្រាការប្រាក់គោលកើនខ្ពស់ ការដាក់ទណ្ឌកម្ម អតិផរណាកើនឡើង និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នាំឱ្យសេដ្ឋកិច្ចពិភពលោកត្រូវបានស្ថាប័ន្ធអន្តរជាតិជាច្រើន រំពឹងថានឹងមានកំណើនតិចតួចបំផុតនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ហើយនៅឆ្នាំ២០២៣នឹងរឹតតែមានកំណើនតិចខ្លាំងជាងនេះទៀត។
តួយ៉ាង តាមការព្យាករណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ហៅកាតថា OECD នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចសាកលនឹងមានកំណើនត្រឹមតែ ៣,១% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជិតពាក់កណ្ដាល បើធៀបនឹងកំណើនដែលសម្រេចបានកាលពីឆ្នាំ២០២១។
ការព្យាករដ៏អាក្រក់មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងមួ OECD បង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ៣,១%ប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន ៥,៩%ដែលធ្លាប់មានកាលពីឆ្នាំ២០២១។ នៅឆ្នាំក្រោយ OECD ព្យាករណ៍ថាសេដ្ឋកិច្ចសកលនឹងកាន់តែអាក្រក់ទៅៗ ពោលគឺនឹងអាចមានកើនឡើងត្រឹមតែ ២,២%ប៉ុណ្ណោះ។
អគ្គលេខាធិការ OECD លោក ម៉ាទីស ខមែន(Mathias Cormann) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាការពិតហើយ ដែលយើងមិនបានព្យាករថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុងវិបត្តិ។ ក៏ប៉ុន្តែនេះ គឺជាទស្សនវិស័យដ៏អាក្រក់បំផុត ហើយលោកមិនគិតថា មានអ្នកណាដែលពេញចិត្តនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ២,២% នៅឆ្នាំក្រោយនេះនោះឡើយ។
លោក ខមែន គូសបង្ហាញទៀតថា អតិផរណាកាន់តែធ្ងន់ធ្ងរឡើងដោយតម្លៃថាមពលខ្ពស់ បានក្លាយទៅជាមូលដ្ឋានចម្បងប៉ះពាល់ដល់សេដ្ឋកិច្ចសកល ខណៈពេលដែលប្រាក់ចំណូលនៅតាមគ្រួសារជាច្រើនបានធ្លាក់ចុះ បើទោះបីជា មានវិធានការគាំទ្រ ដែលរដ្ឋាភិបាលជាច្រើនបាននិងកំពុងដាក់ចេញក៏ដោយ។
ក្រៅតែពីបានព្យាការណ៍សេដ្ឋកិច្ចសកលស្ថាប័ន OECD បានព្យាករសេដ្ឋកិច្ចមហាអំណាចលេខ១ពិភពលោក គឺអាមេរិក ដោយបានកាត់បន្ថយអស់ច្រើនជាងពាក់កណ្តាល ធៀបនឹងអ្វីដែលបានព្យាករកាលពីមុន។ នៅក្នុងការព្យាករចុងក្រោយរបស់ខ្លួន OECD ប៉ាន់ស្មានថា វិធានការរបស់ធនាគារកណ្តាលអាមេរិកក្នុងការទប់ទល់នឹងអតិផរណាជាមួយនឹងការដំឡើងអត្រាការប្រាក់ខ្ពស់ ជាក់ស្តែង គេបានដំឡើង៦ដងទៅហើយនៅឆ្នាំនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជិតដល់កម្រិតទាបបំផុតមួយ។ OECD រំពឹងថាសហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនឹងមានកំណើនត្រឹមតែ ១,៨%នៅឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំងពី ៥,៩%កាលពីឆ្នាំ២០២១។ ទន្ទឹមនោះ OECD ប៉ាន់ស្មានថា សេដ្ឋកិច្ចអាមេរិកកើនតែ ០,៥%ប៉ុណ្ណោះ នៅឆ្នាំ២០២៣ និង១%នៅឆ្នាំ២០២៤ ។
ដោយឡែក ការព្យាករណ៍របស់ OECD សម្រាប់ប្រទេសអឺរ៉ុបទាំង១៩ ជាតំបន់ចាយលុយអឺរ៉ូ ហើយដែលកំពុងស៊ូទ្រាំរងគ្រោះពីវិបត្តិថាមពល គឺស្ទើរតែងងឹងសូន្យ។ អង្គការនេះរំពឹងថា តំបន់ចាយប្រាក់អឺរ៉ូនឹងគ្រប់គ្រងកំណើនបានត្រឹមតែ ០,៥% នៅឆ្នាំនេះ នឹងឆ្នាំក្រោយ មុនពេលបង្កើនល្បឿនបន្តិចដល់ ១,៤%នៅឆ្នាំ២០២៤។
សូមជម្រាបថា មានតែតំបន់អាស៊ីទេ ដែល OECD ផ្តល់ការព្យាករភ្លឺស្វាងជាងគេនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។ អង្គការមួយនេះអះអាងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ គឺភាគច្រើនបានពីការរុញច្រាន ពីបណ្តាប្រទេសមានទីផ្សារកំពុងរីកចម្រើននៃតំបន់អាស៊ី។ ជាមួយគ្នានេះ គេបានប៉ាន់ប្រមាណថា អាស៊ីនឹងតំណាងឱ្យ៣ភាគ៤ នៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបនៅឆ្នាំក្រោយ។ ជាឧទាហរណ៍ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៦%នៅឆ្នាំនេះ និង ៥,៧%នៅឆ្នាំក្រោយ។
ដោយឡែក សេដ្ឋកិច្ចរបស់ប្រទេសចិនអាចកើនឡើង៣,៣%នៅឆ្នាំនេះ និង៤,៦% នៅឆ្នាំ ២០២៣។ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ត្រូវបានរំខានដោយភាពចុះទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យ បំណុលខ្ពស់ និងវិធានការកូវីដស្មើសូន្យ ដែលជាគោលនយោបាយ មួយរំខានដល់ពាណិជ្ជកម្មយ៉ាងខ្លាំង៕