Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីជំរុញឱ្យកសិករភាគច្រើននៅតែប្រើពូជស្រូវ OM មិនប្រើពូជសែនក្រអូប ដែលលក់បានតម្លៃថ្លៃ?

Media LNN | Sep 13, 2024
តើមានកត្តាអ្វីជំរុញឱ្យកសិករភាគច្រើននៅតែប្រើពូជស្រូវ OM មិនប្រើពូជសែនក្រអូប ដែលលក់បានតម្លៃថ្លៃ?
Clinic narith

ការជ្រើសរើសពូជសម្រាប់ដាំដុះគឺជាកត្តាកំណត់ដ៏សំខាន់មួយសម្រាប់កសិករដ្បិតថាប្រសិនបើកសិករជ្រើសរើសពូជមិនបានត្រឹមត្រូវវាអាចផ្តល់ទិន្នផលទាបឬអាចមានបញ្ហាទីផ្សារជាដើម។កត្តានេះហើយទើបជំរុញឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅមួយរយៈចុងក្រោយនេះបានណែនាំឱ្យកសិករអ្នកធ្វើស្រែងាកមកប្រើប្រាស់ពូជស្រូវសែនក្រអូប ០១ ដែលជាពូជស្រូវផលិតក្នុងស្រុកជាជាងប្រើពូជ OM ដែលជាពូជនាំចូល ព្រោះវាមានទីផ្សារនិងតម្លៃខ្ពស់។ តែយ៉ាងណាក៏ដោយយើងសង្កេតឃើញថាកសិករភាគច្រើននៅតែបន្តប្រើពូជស្រូវប្រភេទ OM បើទោះបីពូជសែនក្រអូបអាចលក់បានតម្លៃថ្លៃក៏ដោយ។

ឆ្លើយតបនឹងបញ្ហានេះ លោក ភោក ភា ប្រធានសហគមន៍កសិកម្មភូមិ៣មានជ័យ និងជាកសិករធ្វើស្រែម្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ បានលើកឡើងថា កត្តាដែលជំរុញឱ្យកសិករនៅស្រុកគិរីវង់ ភាគច្រើននៅតែបន្តធ្វើស្រែដោយប្រើពូជស្រូវ OM មិនប្រើពូជស្រូវសែនក្រអូប ដោយសារពូជ OM ផ្តល់ទិន្នផលខ្ពស់ និងប្រើរយៈពេលដាំដុះខ្លីជាងពូជស្រូវសែនក្រអូប។

ម្យ៉ាងទៀត ដោយសារពូជស្រូវសែនក្រអូប ហាក់រើសដីក្នុងការដាំដុះជាងពូជស្រូវ OM។ បញ្ហាទីផ្សារចុះប្រមូលទិញដល់ទីតាំង ក៏ជាកត្តារួមផ្សំមួយផងដែរ។ បើតាមការអះអាងរបស់កសិកររូបនេះ ការធ្វើស្រែដោយប្រើពូជ OM អាចផ្តល់ទិន្នផលចន្លោះពី៦តោន ទៅ៧តោន ក្នុងហិកតា ឬអាចលើសពីនេះប្រសិនបើអ្នកមានបច្ចេកទេសខ្ពស់ តែស្រែដែលប្រើពូជសែនក្រអូប អាចផ្តល់ទិន្នផលចន្លោះពី៤ ទៅ៥តោនក្នុង១ហិកតាតែប៉ុណ្ណោះ។

​មិនខុសគ្នាពីលោក ភោក ភា នោះទេ លោក សុម ស៊ីថា កសិករធ្វើស្រែម្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ ដែរនោះ អះអាងដូចគ្នាថា កត្តាដែលជំរុញឱ្យលោកនៅតែបន្តប្រើប្រាស់ពូជស្រូវ OM ដែលនាំចូលពីប្រទេសវៀតណាម មិនប្រើពូជសែនក្រអូប ក៏ដោយសារពូជ OM ផ្តល់ទិន្នផលខ្ពស់ និងប្រើរយៈពេលដាំដុះខ្លីជាងពូជស្រូវក្រអូប។

ម្យ៉ាងទៀតដោយសារ លោកធ្លាប់ប្រើប្រាស់ពូជស្រូវប្រភេទ OM នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យលោកមានបច្ចេកទេសខ្ពស់ក្នុងការដាំដុះដោយប្រើពូជស្រូវប្រភេទនេះ។ បើតាមការអះអាងរបស់កសិកររូបនេះ ពូជស្រូវ OM ប្រើពេលដាំដុះប្រមាណ៣ខែតែប៉ុណ្ណោះ ខណៈពូជស្រូវសែនក្រអូបអាចប្រើពេលរហូតដល់៣ខែកន្លះឯណោះ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យកសិករភាគច្រើននៅតែបន្តប្រើប្រាស់ពូជ OM ជាជាងពូជស្រូវសែនក្រអូប ដោយសារពួកគេគិតលើទិន្នផល ព្រោះពូជស្រូវ OM ផ្តល់ទិន្នផលខ្ពស់ជាងពូជស្រូវសែនក្រអូប។ ម្យ៉ាងទៀតដោយសារកាលពីឆ្នាំមុនតម្លៃស្រូវ OM បានហក់ឡើងថ្លៃស្ទើរតែស្មើនឹងតម្លៃរបស់ស្រូវសែនក្រអូប ដែលធ្វើឱ្យកសិករនៅតែបន្តប្រើពូជនេះ ដោយសារពួកគេគិតថា ទទួលបានទិន្នផលខ្ពស់ហើយ លក់បានថ្លៃប្រហាក់ប្រហែលនឹងពូជសែនក្រអូបដែរ។

​ជុំវិញបញ្ហានេះដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មម្នាក់ដែរនោះ មិនបានផ្តល់ការយល់ឃើញច្រើនជុំវិញបញ្ហានេះនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ជាធម្មតាកន្លងមកកសិករសម្រេចចិត្តតាមលទ្ធផល ដែលពាក់ព័ន្ធនឹងទិន្នផល និងថ្លៃ។ តែយ៉ាងណាលោកជឿជាក់ថា កសិករទាំងនោះក៏អាចប្តូរតាមរបត់ថ្មីផងដែរ។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗ បានលើកទឹកចិត្តឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវផលិតក្នុងស្រុកឱ្យបានច្រើន ដ្បិតថា ពូជស្រូវសែនក្រអូប០១ និងពូជផ្ការំដួលជាដើម គឺជាពូជស្រូវដែលមានទីផ្សារស្រាប់ទាំងនាំចេញទៅចិន និងអឺរ៉ុប ហើយនៅតាមរោងម៉ាស៊ីនកិនស្រូវផ្សេងៗមានការទទួលទិញស្រូវប្រភេទពូជទាំងនេះ ហើយវាក៏មានតម្លៃខ្ពស់ជាងពូជស្រូវដែលនាំចូលពីបរទេសផងដែរ។

បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ការដាំដុះពូជស្រូវដែលនាំចូលពីបរទេស ប្រជាកសិករអាចប្រឈមនឹងហានិភ័យផងដែរ ដោយសារតែតម្លៃស្រូវលក់ចេញនៅរៀងរាល់ពេលប្រមូលផលម្តងៗ គឺអាស្រ័យលើមាត់ឈ្មួញពីប្រទេសជិតខាងប៉ុណ្ណោះ ដែលអាចនិយាយបានថា ការបន្តដាំដុះពូជស្រូវពីបរទេសនេះ គឺប្រៀបបាននឹងការខ្ចីដង្ហើមគេដកអ៊ីចឹងដែរ៕