Alynana Media Cambodia
Icon Collap
clinic narit

តើមានហេតុផលអ្វីខ្លះជំរុញឱ្យអង្គការ OPEC បន្ទាបការព្យាករពីតម្រូវការប្រេងសកលលោកនៅឆ្នាំ២០២៤?

Media LNN | Aug 14, 2024
តើមានហេតុផលអ្វីខ្លះជំរុញឱ្យអង្គការ OPEC បន្ទាបការព្យាករពីតម្រូវការប្រេងសកលលោកនៅឆ្នាំ២០២៤?
Clinic narith

អង្គការបណ្ដាប្រទេសនាំចេញប្រេង ហៅកាត់ថា អូប៉ិក (OPEC) នៅដើមសប្តាហ៍នេះ បានបន្ទាបការព្យាករពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោកក្នុងឆ្នាំ២០២៤ នេះ ក្រោយតម្រូវការប្រេងប្រើប្រាស់ប្រេងនៅឆមាសទី១ឆ្នាំនេះ ទាបជាងការរំពឹងទុក គួបផ្សំការរំពឹងតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅចិនចុះខ្សោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Malaysia។

អង្គការ OPEC បានបន្ទាបការព្យាករ​ពីកំណើនតម្រូវការប្រើប្រាស់ប្រេងនៅលើទីផ្សារពិភពលោកនៅឆ្នាំ២០២៤ នេះពី២,២៥លាន ធុងបារ៉ែលក្នុង១ថ្ងៃ ដែលខ្លួនបានព្យាករកាលពីខែមុនមកនៅត្រឹម២,១១លានធុងបារ៉ែល ក្នុង១ថ្ងៃវិញ។

ការព្យាករបន្ទាបកំណើនតម្រូវការប្រើប្រាស់ប្រេងនេះ ធ្វើឡើងក្រោយអង្គការ OPEC មើលឃើញទិន្នផលប្រើប្រាស់ប្រេងឥន្ធនៈ នៅក្នុងឆមាសទី១ ទាបជាងការរំពឹងទុក ស្របពេលមានការរំពឹងការធ្លាក់ចុះតម្រូវការប្រើប្រាស់ប្រេងនៅក្នុងប្រទេសចិន។

នេះគឺជាការកាត់បន្ថយលើកដំបូងសម្រាប់ការព្យាករ​ក្នុងឆ្នាំ២០២៤ របស់អង្គការ OPEC ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ហើយការបន្ទាបការព្យាករកំណើនតម្រូវការប្រេងជាសកលនេះ អាចម្យ៉ាងដោយ​សារតម្រូវការប្រេងនៅប្រទេសចិន ធ្លាក់ចុះ ស្របពេលនិន្នាការរបស់ប្រទេសនានា លើពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងសារធាតុកាបូន។

ទន្ទឹមនឹងនេះ អង្គការបណ្ដាប្រទេសនាំចេញប្រេងនេះ ក៏មិនទាន់ហ៊ានព្យាករសម្រាប់កំណើនតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយនោះដែរ៕