វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រហែល ២ លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិកផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងពេលដែលវ៉ាក់សាំងបានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃស្អែកនេះ នឹងមានការអញ្ជើញទៅទទួលដោយឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការ UNICEF និង អង្គការសុខភាពពិភពលោក ក៏នឹងមានវត្តមាននៅក្នុងពិធីនេះផងដែរ។
បើតាមស្ថានទូតអាម៉េរិក សម្រាប់អំណោយវ៉ាក់សាំងនេះគឺជាផ្នែកមួយនៃការជួយគាំទ្រជាបន្តបន្ទាប់មក របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ហើយវាបង្ហាញឱ្យឃើញភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការទូតលើវិស័យសុខភាពសាធារណៈផងដែរ៕