អន្តជាតិ៖ ប្រទេសអ៊ីតាលីកំពុងជួបប្រទះរលកកំដៅដែលមានរយៈពេលយូរមិនធ្លាប់មានពីមុនមក ដោយសីតុណ្ហភាពនៅតំបន់ខ្លះនៃជ្រលងភ្នំ Po ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ 36C នៅចុងសប្តាហ៍នេះ។
ទីក្រុងជាង 100 នៅជ្រលងភ្នំ Po ត្រូវបានគេស្នើសុំឱ្យបែងចែកទឹកចំពេលមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលប៉ះពាល់ដល់ទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលីដែលមិនធ្លាប់មានក្នុងរយៈពេល 70 ឆ្នាំកន្លងមក។
នៅភាគខាងជើងប្រទេសអ៊ីតាលីត្រូវបានគេកត់សម្គាល់ថា ជាច្រើនខែមកហើយដែលពុំមានភ្លៀងនៅតំបន់នោះឡើយ ធ្វើឲ្យមានគ្រោះរាំងស្ងួតតាមដងទន្លេ Po មានទំហំចម្ងាយ 400 ម៉ាយល៍ (650 គីឡូម៉ែត្រ) ដែលលាតសន្ធឹងពីជួរភ្នំអាល់នៅភាគពាយព្យ និងរហូតដល់តំបន់ដីសណ្ត Po។
បញ្ហានេះធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវបញ្ហាសីតុណ្ហភាពខ្ពស់ជាងធម្មតា ហើយនៅពេលរដូវរងាមានព្រិលធ្លាក់ច្រើនខុសពីធម្មតា ជាពិសេសនៅតំបន់ភ្នំអាល់ភាគខាងត្បូង។
ក្រុមសង្កេតមើលទន្លេរបស់ប្រទេសអ៊ីតាលីបាននិយាយថា Po បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ តម្រូវការទឹកនៅក្នុងអាងជ្រលងភ្នំ Po មានកម្រិតខ្ពស់ ប៉ុន្តែទឹកសម្រាប់ការផ្គត់ផ្គង់គឺមានកម្រិតតិចតួចបំផុត។ ក្រុមអង្កេតការណ៍បានព្រមានថា ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់ទៀត វិបត្តិនេះនឹងកាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់វិស័យកសិកម្ម។
ជម្រៅទឹកទន្លេបច្ចុប្បន្នមានកម្រិត 2.7 ម៉ែត្រ ដែលទាបជាងមធ្យមភាគសម្រាប់ខែមិថុនា។
ស្ថានភាពដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ គឺសកម្មភាពការធ្វើកសិកម្ម ក៏ដូចជាការដឹកជញ្ជូនពាណិជ្ជកម្មបានជំរុញឱ្យ Utilitalia ដែលជាសហព័ន្ធនៃក្រុមហ៊ុនទឹកបានស្នើសុំឱ្យមានការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅពេលយប់ ដើម្បីស្តារកម្រិតអាងស្តុកទឹកនៅតំបន់មួយនេះ៕
ប្រភពៈ The Guardian