ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានដកលោក Fernando Santos ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិហើយ បន្ទាប់ពីបរាជ័យចាញ់ក្រុមជម្រើសជាតិម៉ារ៉ុកនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 ។
បុរសវ័យ៦៨ឆ្នាំបានជួយឱ្យក្រុមព័រទុយហ្គាល់ឡើងដល់វគ្គ៨ក្រុមនៅ World Cup 2022 នេះ ប៉ុន្ដែសោកស្ដាយពួកគេបែរជាលេងចាញ់ក្រុមម៉ារុកក្នុងលទ្ធផល ១ទល់០ ទៅវិញ។ ដោយសារតែខកបំណងនេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់សម្រេចចិត្តផ្ដាច់កុងត្រារបស់លោកទៅហើយកាលពីយប់មិញនេះ។ ក្រុមព័រទុយហ្គាល់ក្រោមការដឹកនាំរបស់លោក Santos បានជោគជ័យខ្លាំង ដោយឈ្នះពានរង្វាន់ Euro 2016 កន្លងទៅ និងបានឈ្នះពាន UEFA Nations League ផងដែរ។
បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់កំពុងពិចារណាគ្រូបង្វឹក២នាក់ទៀតមកជំនួស ដោយមានលោក Jose Mourinho ដែលដឹកនាំក្រុម Roma និងលោក Paulo Fonseca កំពុងដឹកនាំក្រុម Lille ។ គ្រូបង្វឹកទាំងពីរនាក់នេះ សុទ្ធតែសញ្ជាតិព័រទុយហ្គាល់ដូចគ្នា៕