(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Seaplane Asia Limited នៃទីក្រុងហុងកុង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នាមួយ ដើម្បីបើកដំណើរការសេវាកម្មយន្តហោះ ចុះលើទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការបង្កើតក្រុមហ៊ុន Royal Group Samra Seaplane ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីចេតនារួមគ្នា ក្នុងការបង្កើតប្រតិបត្តិការសេវាកម្មយន្តហោះចុះលើទឹកប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនការប្រើប្រាស់ផ្លូវអាកាស ក៏ដូចជាការតភ្ជាប់គ្នាទៅវិញទៅមកសម្រាប់ប្រជាជនទូទៅ អាជីវកម្ម និងភ្ញៀវទេសចរនានា។
លើសពីនេះ សេវាកម្មយន្តហោះចុះលើទឹក នឹងបង្កើនការផ្តល់ជូន និងបទពិសោធន៍បន្ថែមសម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ដោយបានបង្កើតសេវាកម្មយន្តហោះចុះលើទឹក លំដាប់ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Royal Group Samra Seaplane មានគោលដៅកំណត់ស្តង់ដារថ្មី សម្រាប់ការដឹកជញ្ជូនតាមយន្តហោះចុះលើទឹក ប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មបែបស៊ីវិល័យ ដោយបម្រើជូនតម្រូវការដ៏សម្បូរបែបលើសពីសេវាកម្មទេសចរណ៍។
ទន្លេ បឹងបួ និងតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យនានារបស់ប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការដឹកជញ្ជូនតាមយន្តហោះចុះលើទឹក ដោយផ្តល់ឱកាសដល់ភ្ញៀវទេសចរ ដើម្បីទទួលយកបទពិសោធន៍នៃទិដ្ឋភាព ពីលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង នៅពេលធ្វើដំណើរតភ្ជាប់ទៅទិសដៅផ្សេងៗនៅទូទាំងប្រទេស។
ក្រុមហ៊ុន Royal Group Samra Seaplane នឹងផ្លាស់ប្ដូរការដឹកជញ្ជូននៅប្រទេសកម្ពុជាជាវិជ្ជមាន ដោយផ្តល់នូវភាពងាយស្រួល ភាពប្រណិត និងការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន។ ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍ ធនធាន និងជំនាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Seaplane Asia, ក្រុមហ៊ុន Royal Group Samra Seaplane ត្រៀមខ្លួនជាស្រេចដើម្បីធ្វើឲ្យប្រសើរឡើងនូវការធ្វើ ដំណើរ និងបង្កើនការទទួលបានសេវាកម្មធ្វើដំណើរក្នុងប្រទេសកម្ពុជាយើង។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានចំណេះ ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក មានបណ្តាញដៃគូដ៏រឹងមាំ និងមានកំណត់ត្រាជោគជ័យរាល់ការបណ្តាក់ ទុនប្រកបដោយវិជ្ជមាន។ ចំណែកក្រុមហ៊ុន Seaplane Asia ផ្តល់ជូននូវជំនាញសេវាកម្មយន្តហោះចុះលើទឹកនៅ ទូទាំងតំបន់ មានចំណេះដឹងផ្នែកបច្ចេកទេស និងបែបបទប្រតិបត្តិការ និងបញ្ជាយន្តហោះចុះលើទឹកប្រភេទ Cessna Grand Caravans។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលើកឡើងថា «យើងមានមោទនភាពដែល បានចូលរួមជាមួយក្រុមហ៊ុន Seaplane Asia និងសូមណែនាំក្រុមហ៊ុន Royal Group Samra Seaplane ដែលជាសេវាកម្មយន្តហោះចុះលើទឹកដ៏ប្រណិតដំបូងគេនៅកម្ពុជា។ ការបណ្តាក់ទុនរួមគ្នានេះ តំណាងឲ្យការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងការកែលម្អជម្រើសនៃការដឹកជញ្ជូន សម្រាប់ទាំងប្រជាជនក្នុងស្រុក និងអ្នកទេសចរនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងក្រុមហ៊ុន Royal Group Samra Seaplane យើងមានគោលបំណង បង្កើតបទពិសោធន៍នៃការធ្វើដំណើរដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ដោយផ្សារភ្ជាប់នូវទេសភាពដ៏គួរឲ្យស្ញប់ស្ញែង អស្ចារ្យរបស់ប្រទេសកម្ពុជាតាមរបៀបដែលមិនធ្លាប់មានពីមុនមក»។
លោក Dennis Keller អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited ក៏បានសម្តែងការសាទរ ចំពោះកិច្ចសហការនេះ ដោយបញ្ជាក់ថា «ប្រទេសកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការ យន្តហោះចុះលើទឹក ដោយសារសម្រស់ធម្មជាតិដ៏វិសេសវិសាល និងសេដ្ឋកិច្ចរីកលូតលាស់ ព្រមទាំងឧស្សាហកម្ម ទេសចរណ៍។ ដើម្បីបង្កើតសេវាកម្មយន្តហោះចុះលើទឹកដ៏ប្រណិតរបស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងមិនអាចជ្រើសរើសដៃគូប្រសើរណាផ្សេងក្រៅពីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ និងមានទស្សនៈវិស័យឆ្ពោះទៅមុខជានិច្ច។ ជាមួយគ្នា យើងនឹងបើកទំព័រថ្មីមួយនៅក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនកម្ពុជា ហើយយើងនឹងបើកឱកាសនៃការធ្វើដំណើរ និងរបៀបរស់នៅដ៏ស៊ីវិល័យដែលមិនអាចប្រៀបផ្ទឹមបាន»។
ខណៈពេលដែលវិស័យទេសចរណ៍ គឺជាចំណុចស្នូលនៃគំរូអាជីវកម្ម ក្រុមហ៊ុន Royal Group Samra Seaplane មានគោលបំណងផងដែរ គឺដើម្បីដោះស្រាយចំពោះតម្រូវការសំខាន់ៗដែលពាក់ព័ន្ធគ្នានឹងវិស័យផ្សេងៗទៀត។ សេវាកម្មយន្តហោះចុះលើទឹក នឹងបង្កើនលទ្ធភាពធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល កោះនានា និងតំបន់គោលដៅ ទេសចរណ៍ផ្សេងៗទៀត ដោយបើកសក្តានុពលសេដ្ឋកិច្ច និងជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងកំណើន អាជីវកម្មនៅក្នុងស្រុក។
ជាងនេះទៅទៀត សេវាកម្មយន្តហោះចុះលើទឹក អាចដើរតួនាទីរួមចំណែកក្នុងសេវាកម្មសង្គ្រោះ បន្ទាន់ផ្នែកវេជ្ជសាស្ត្រ ការសម្របសម្រួលភាពបន្ទាន់ និងការជម្លៀសផ្នែកវេជ្ជសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើន ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មផ្នែកសុខាភិបាល។ លើសពីនេះទៅទៀត ការទទួលបានសេវាកម្មធ្វើដំណើរតាមយន្តហោះ និងភាពបត់បែនរបស់យន្តហោះ អាចជួយគាំទ្រដល់សកម្មភាពត្រួតពិនិត្យដូចជា៖ ការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការការពារ សត្វព្រៃផងដែរ។ វាក៏អាចដើរតួនាទីជាទ្រព្យដ៏មានតម្លៃក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយផ្តល់នូវការ ឆ្លើយតបរហ័ស និងការគ្របដណ្តប់ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលមានអាសន្ន និងក្នុងស្ថានភាពគ្រោះ មហន្តរាយនានា។
លោក Captain Lionel Vincent Mougel អគ្គនាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Seaplane Asia បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Royal Group Samra Seaplane មិនត្រឹមតែប្រាថ្នាចង់ក្លាយជាសេវាកម្មទេសចរណ៍ដ៏ ប្រណិតមួយប៉ុណ្ណោះ។ យើងក៏បានស្រមៃមើលពីដំណោះស្រាយនៃការដឹកកជញ្ជូនដ៏ទូលំទូលាយ ដែលឆ្លើយតប នឹងតម្រូវការផ្សេងៗ និងរួមចំណែកដល់ការអភិវឌ្ឍទាំងមូលនៃប្រទេសកម្ពុជាផងដែរ។ តាមរយៈការទាញយកសមត្ថភាពរបស់យន្តហោះចុះលើទឹក យើងអាចបង្កើតផលជាវិជ្ជមានក្នុងវិស័យដូចជា៖ ការថែទាំសុខភាព ការដឹកជញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដែលនឹងធ្វើឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាមានភាពកាន់តែប្រសើរឡើង។
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Seaplane Asia នាំមកនូវភាពរឹងមាំ និងជំនាញ រួមគ្នា ដើម្បីបង្កើតក្រុមហ៊ុន Royal Group Samra Seaplane ជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់សេវាកម្មដឹកជញ្ជូនដ៏សម្បូរ បែប និងគួរឲ្យទុកចិត្តនៅកម្ពុជា។ ការបណ្តាក់ទុននេះ មានការប្ដេជ្ញារក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ការអនុលោម តាមបទប្បញ្ញត្តិ និងការអនុវត្តប្រកបដោយនិរន្តរភាព ដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់៕