Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេសបានព្រមានថា តំបន់អឺរ៉ុបនឹងប្រឈមផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងរយៈពេលវែងដោយសារតែវិបត្តិថាមពល

Admin Alynana | Oct 25, 2022
ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេសបានព្រមានថា តំបន់អឺរ៉ុបនឹងប្រឈមផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងរយៈពេលវែងដោយសារតែវិបត្តិថាមពល
Clinic narith

ប្រធានក្រុមហ៊ុនប្រេងឥន្ធនៈ Shell ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេសបានព្រមានកាលពីថ្ងៃទី ២៣ ខែតុលាថា តំបន់អឺរ៉ុបប្រឈមនឹងផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងរយៈពេលវែងដោយសារតែវិបត្តិថាមពលរបស់ខ្លួន ដែលបង្កហានិភ័យដល់បញ្ហានយោបាយ ខណៈដែលថ្មីៗនេះ ក្រុមហ៊ុនប្រេងរបស់អង់គ្លេសមួយនេះ ក៏បានចូលរួមក្នុងគម្រោងឧស្ម័នធម្មជាតិមួយនៅប្រទេសកាតា ដើម្បីពង្រីកការផលិតឧស្ម័នបន្ថែមផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក បិន វ៉ាន ប៊ឺដិន (Ben van Beurden)​ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ទិញយកភាគហ៊ុន ៩,៣% នៅក្នុងគម្រោង North Field South របស់ក្រុម​ហ៊ុនថាមពល​ Qatar Energy ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋ​នៅ​ឈូងសមុទ្រ​ពែក្ស​មួយ​នេះ ​ដើម្បី​បង្កើន​ផលិតកម្មឧស្ម័នធម្មជាតិរាវ​ (LNG) ចំនួន ៥០​% បន្ថែមទៀត ​​នៅ​ក្នុង​រយៈ​ពេល៥​ឆ្នាំ​ខាងមុខ​។

នៅក្នុងពិធីចុះហត្ថលេខានៅ​ទីក្រុងដូហា​ (Doha) ប្រទេស​កាតា ​​លោក វ៉ាន ប៊ឺដិននាយកប្រតិបត្តិក្រុមហ៊ុន Shell បាននិយាយថា ឧស្សាហកម្មអ៊ឺរ៉ុបប្រឈមមុខនឹងការរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពល ដែលកាន់តែអាក្រក់ឡើងៗ​​​ដោយសារ​តែ​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក វ៉ាន ប៊ឺដិន ​បាននិយាយថា អឺរ៉ុបបានកាត់បន្ថយការប្រើប្រាស់ឧស្ម័ន​​យ៉ាងមានប្រសិទ្ធភាព ​និង​គួរឱ្យកត់សម្គាល់​បន្ទាប់ពីការបាត់បង់ឧស្ម័ន​របស់​រុស្ស៊ីចំនួន ១២០ ​លានតោន​ក្នុងមួយឆ្នាំ ​ប៉ុន្តែ​ការកាត់​បន្ថយក្នុង​បរិមាណ​ដ៏​ច្រើននេះ​សម្រេចបាន​នូវ​​ការបិទទ្វារ​ឧស្សាហកម្មជាច្រើនផងដែរ។

អឺរ៉ុបបានស្វែងរកជម្រើសយ៉ាងរហ័សសម្រាប់ជំនួស​​ឧស្ម័នរុស្ស៊ី​ ប៉ុន្តែលោក វ៉ាន ប៊ឺដិន ​បាននិយាយថា ​អឺរ៉ុបបាននិងកំពុង​ត្រូវការ​ឧស្ម័ន​ធម្មជាតិ​ (LNG)​ ក្នុង​បរិមាណ​ដ៏​ច្រើន​អស់​រយៈ​ពេល​​ជា​ច្រើន​ទសវត្សរ៍មកហើយ។​

ក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសគឺជាក្រុមហ៊ុនអឺរ៉ុបទី២​បន្ទាប់ពី​ក្រុមហ៊ុន​ TotalEnergies របស់ប្រទេសបារាំងដែល​បាន​កាន់កាប់ភាគហ៊ុននៅ​ក្នុង​គម្រោង​North Field South ហើយ​ចំនួន ២៥%​នៃ​គម្រោង​នេះ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ក្រុម​ហ៊ុន​ថាម​ពល​អន្តរ​ជាតិ​មួយ​ចំនួន។

ការពង្រីកឆ្លង​ក្រុម​ហ៊ុន​ North Field ​ដែលជាទុនបម្រុង​ឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក​នេះ ​គឺមានបំណងបង្កើនផលិតកម្ម​ឧស្ម័ន​ LNG របស់ប្រទេស​កាតាឲ្យបាន៥០%បន្ថែមទៀត ​ដល់ប្រហែល ១២៧ លានតោន​ក្នុងមួយឆ្នាំ​​នៅឆ្នាំ២០២៧​។

ក្រុម​ហ៊ុន ​Shell និង​ក្រុម​ហ៊ុន​ TotalEnergies បានចូលហ៊ុនកាលពីដើមឆ្នាំនេះនៅក្នុងតំបន់​ North Field East។

លោក សាអាដ សេរីដាល់ អាល់​កាប៊ី (Saad Sherida al-Kaabi)​ រដ្ឋមន្ត្រីថាមពលប្រទេសកាតាបាន​និយាយថា​ ឧស្ម័នធម្មជាតិត្រូវ​បាន​ចាត់​ទុក​ថា ​មាន​សារៈសំខាន់កាន់តែខ្លាំងដោយសារ​តែ​ភាពចលា​ចល​ភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះខណៈដែល​លោកបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរបស់​ក្រុម​ហ៊ុន​ Shell៕