Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលពី៣ ទៅ៥% សម្រាប់វិស័យ SME

Media LNN | Aug 09, 2024
ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលពី៣ ទៅ៥% សម្រាប់វិស័យ SME
Clinic narith

ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើនដើមទុន និងអភិវឌ្ឍន៍អាជីវកម្ម ក្រសួងហិរញ្ញវត្ថុ (MoF) របស់វៀតណាម បានស្នើឱ្យបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មមកនៅត្រឹមពី១៥ ទៅ១៧% សម្រាប់អ្នកដែលមានប្រាក់ចំណូលសរុបមិនលើសពី២លានដុល្លារ ជំនួសឱ្យអត្រាពន្ធ២០% ដែលកំពុងអនុវត្តបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។

ការកាត់បន្ថយពន្ធ ដែលរួមបញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពី ពន្ធលើប្រាក់ចំណូលសាជីវកម្មនេះត្រូវបានគេរំពឹងថា នឹងដាក់ជូនរដ្ឋសភាវៀតណាម ដើម្បីពិនិត្យលើកដំបូងនៅខែតុលា ឆ្នាំ២០២៤ និងសម្រាប់ការអនុម័តនៅក្នុងខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុវៀតណាម ក៏កំពុងប្រមូលធាតុចូលបន្ថែមសម្រាប់សេចក្តីព្រាងច្បាប់នេះពីស្ថាប័នរដ្ឋាភិបាល និងសាធារណជនក្នុងគោលបំណងដើម្បីបង្កើតរបបពន្ធដែលអំណោយផលសម្រាប់សហគ្រាសធុនតូច និងមធ្យម។

យោងតាមសេចក្តីព្រាងច្បាប់នេះ អត្រាពន្ធ១៥% ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបមិនលើសពីជិត១២ម៉ឺនដុល្លារ ហើយអត្រាពន្ធ១៧% ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបចាប់ពីជិត១២ម៉ឺនដុល្លារ ដល់ជិត២លានដុល្លារ។

ក្រសួងហិរញ្ញវត្ថុវៀតណាម បានអះអាងថា ក្នុងចំណោមអាជីវកម្មចំនួន៩០ម៉ឺនអាជីវកម្ម ដែលកំពុងដំណើរការបច្ចុប្បន្ន គឺអាជីវកម្មខ្នាតតូច និងមធ្យម មានចំនួនជិត៩៤% នៃចំនួនសរុប ហើយត្រូវបានគេកំណត់សម្រាប់គោលនយោបាយអនុគ្រោះ ដើម្បីជួយពួកគេអភិវឌ្ឍន៍ផលិតកម្ម និងប្រាក់ចំណូលរយៈពេលវែង។ នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងទៅ អាជីវកម្មទាំងនេះ ក៏ទទួលបានផលពីកម្មវិធីផ្ដល់ជំនួយជាច្រើនរបស់រដ្ឋាភិបាលប្រទេសវៀតណាម ផងដែរ៕