អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ក្នុងសន្និសីទឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់ថា សម្ព័ន្ធភាពមួយនេះ ត្រូវការឧស្សាហកម្មរឹងមាំជាងមុន ដើម្បីបំពេញស្តុកសព្វាវុធនិងគ្រាប់រំសេវ ដែលអស់រលីងហើយដោយសារតែការផ្គត់ផ្គង់រយៈពេលមួយឆ្នាំទៅឲ្យទីក្រុងកៀវ។
លោកបន្តថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ដូចដែលខ្លួនបានធ្វើចាប់តាំងពីឆ្នាំ២០១៤មក។
ស្របពេលជាមួយគ្នានោះ លោក Stoltenberg ក៏បានគូសបញ្ជាក់សាជាថ្មីផងដែរថា មានតែជ័យជម្នះរបស់អ៊ុយក្រែនលើសមរភូមិប៉ុណ្ណោះ ទើបអាចទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
គួរបញ្ជាក់ជាថ្មី កងកម្លាំងរបស់ទីក្រុងកៀវ បានព្យាយាមបើកការវាយលុកទ្រង់ទ្រាយធំដាក់រុស្ស៊ី នៅខ្សែត្រៀមជួរមុខនាភាគខាងត្បូងកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបញ្ជូនអាវុធ គ្រឿងសឹក និងគ្រាប់រំសេវដែលមានតម្លៃជាង១០០ពាន់លានដុល្លារទៅឲ្យទីក្រុងកៀវកាលពីឆ្នាំកន្លងទៅ ក្រោយជម្លោះរីករាលដាលកាន់តែធំ។
យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា មានការពាក់ព័ន្ធដោយផ្ទាល់ មិនត្រឹមតែជាមួយនឹងការផ្តល់សព្វាវុធប៉ុណ្ណោះទេ ថែមទាំងតាមរយៈការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននៅក្នុងចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកន្លែងផ្សេងទៀតផងដែរ៕