Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីក្រុមហ៊ុន Tesla ជំរុញឱ្យអ្នកផ្គត់ផ្គង់ខ្លួនផលិតគ្រឿងបន្លាស់នៅខាងក្រៅប្រទេសចិន និងតៃវ៉ាន់?

Media LNN | May 25, 2024
ហេតុអ្វីក្រុមហ៊ុន Tesla ជំរុញឱ្យអ្នកផ្គត់ផ្គង់ខ្លួនផលិតគ្រឿងបន្លាស់នៅខាងក្រៅប្រទេសចិន និងតៃវ៉ាន់?
Clinic narith

ក្រុមហ៊ុនរថយន្តថេស្លា (Tesla) របស់សហរដ្ឋអាម៉េរិក បានប្រាប់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនឱ្យចាប់ផ្តើមផលិតសមាសធាតុ និងគ្រឿងបន្លាស់នៅខាងក្រៅប្រទេសចិន និងកោះតៃវ៉ាន់ នៅដើមឆ្នាំក្រោយនេះ ដោយសារតែការកើនឡើងនូវភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្គត់ផ្គង់ចំនូន៦រូប ដែលដឹងពីបញ្ហាខាងលើបាននិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដូចជាបន្ទះសៀគ្វី អេក្រង់ និងប្រព័ន្ធគ្រប់គ្រងគ្រឿងអេឡិចត្រូនិកសម្រាប់ប្រើក្នុងរថយន្ត Tesla បានទទួលសំណើពីក្រុមហ៊ុនរថយន្ត Tesla ឱ្យផលិតគ្រឿងបន្លាស់នៅក្រៅប្រទេសចិន និងកោះតៃវ៉ាន់។

នៅក្នុងសំណើនោះបានលើកឡើងពីហានិភ័យនៃភូមិសាស្ត្រនយោបាយដែលចេះតែកើនឡើងនៅក្នុងតំបន់មហាអនុតំបន់ចិន (Greater China) នៅមុនការបោះឆ្នោតប្រធានាធិបតីអាម៉េ​រិក នៅចុងឆ្នាំនេះ ហើយថា ការផ្លាស់ប្តូរនេះ គឺមានបំណងកសាងប្រភពផ្គត់ផ្គង់ជំនួសទីផ្សារមិនមែនប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ប្រភពខ្លះទៀតបាននិយាយថា ក្រុមហ៊ុនថេស្លា ក៏នឹងពិភាក្សាពីបញ្ហានេះជាមួយនឹងអ្នកផ្គត់ផ្គង់អាស៊ីដូចជានៅជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀតផងដែរ។ នាយកប្រតិបត្តិម្នាក់មកពីក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនៅជប៉ុន បានអះអាងថា ក្រុមហ៊ុនរបស់គាត់ក៏ស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ ដែលក្រុមហ៊ុនថេស្លា បានពិភាក្សាជាមួយជុំវិញរឿងនេះផងដែរ។

នាយកប្រតិបត្តិម្នាក់មកពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ផ្សេងទៀតបាននិយាយថា ក្រុមហ៊ុនរបស់គាត់កំពុងបង្កើនសមត្ថភាពផលិតនៅប្រទេសថៃ តាមការស្នើសុំរបស់ក្រុមហ៊ុនអតិថិជន ហើយប្រភពដដែលនេះបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនជាអតិថិជនជាច្រើនរួមទាំងក្រុមហ៊ុន​ ថេស្លាផងដែរ ពួកគេបានចេញយុទ្ធសាស្រ្តចិនបូកមួយ (China+1) នេះ ដែលរួមបញ្ចូលទាំងការជៀសវាងកោះតៃវ៉ាន់ផងដែរ៕