ទោះបីជារដ្ឋបាលរបស់លោក ចូ បៃដិន បានដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនីរបស់ចិន ក៏ដោយ តែរថយន្តអគ្គិសនីរបស់ចិន នៅតែមានតម្លៃថោកជាងរថយន្តរបស់អាម៉េរិកមួយចំនួនរួមទាំងរថយន្ត Tesla ដដែល។ នេះជាសញ្ញានៃបញ្ហាប្រឈមកាន់តែខ្លាំងចំពោះគោលនយោបាយរថយន្តអគ្គិសនីរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសពីការដំឡើងពន្ធ១០០% ទៅលើរថយន្តអគ្គិសនីរបស់ចិន ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដែលអាម៉េរិកចាត់ទុកថា ជាវិធានការមួយប្រឆាំងនឹងការឧបត្ថម្ភធនមិនត្រឹមត្រូវរបស់រដ្ឋាភិបាលចិន។
ការិយាល័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក (USTR) បាននិយាយថា ការដំឡើងពន្ធគយ ១០០% លើរថយន្តអគ្គិសនីរបស់ចិននេះ ក៏បានរួមបញ្ចូលទាំងពន្ធ៥០% លើបន្ទះសូឡា និង២៥% លើដែក រ៉ែអាលុយមីញ៉ូម ថ្ម ឬអាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀតផងដែរ។
ទោះបីជារដ្ឋបាលរបស់លោក ចូ បៃដិន បានព្យាយាមបង្កើនពន្ធទៅលើរថយន្តអគ្គិសនីរបស់ចិនយ៉ាងណាក៏ដោយ ប៉ុន្តែតម្លៃរថយន្តអគ្គិសនីរបស់ចិន នៅតែមានតម្លៃថោកជាងរថយន្តអាម៉េរិកមួយចំនួនរួមទាំងរថយន្តរបស់ក្រុមហ៊ុន Tesla ផងដែរ។
ការលក់រថយន្តអគ្គិសនីរបស់ចិន អាម៉េរិកបានក្តោបចំណែកទីផ្សារជាង១០% កាលពីខែកក្កដា ប៉ុន្តែការលក់នៅប្រទេសចិន មានអត្រាប្រហែល៥០% គឺលើសពីមធ្យមភាគសកលប្រហែល២០%។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mark Lines។
លោក ចូ ម៉ែកខាប៊ី (Joe McCabe) នាយកប្រតិបត្តិក្រុមហ៊ុនស្រាវជ្រាវអាម៉េរិក Auto Forecast Solutions បាននិយាយថា តម្លៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនថេស្លា បច្ចុប្បន្នមានតម្លៃក្រោម ៣ម៉ឺនដុល្លារបន្តិចបន្តួចក្នុងមួយគ្រឿង ខណៈដែលតម្លៃរថយន្តចិន មានតម្លៃត្រឹមតែ១២,០០០ដុល្លារប៉ុណ្ណោះ ហើយបើអាម៉េរិកដំឡើងពន្ធថែមទៀត តម្លៃរថយន្តចិនអាចនឹងលក់ខ្ពស់បំផុតក្នុងតម្លៃ២៥,០០០ដុល្លារ ដែលវានៅតែទាបជាងតម្លៃរថយន្តថេស្លាដដែល៕