ក្រុមហ៊ុនរថយន្តយក្សអាមេរិក Tesla បានប្រកាសកាលពីថ្ងៃទី២៥ខែមករាថា ខ្លួនរក ចំណូល និងចំណេញប្រាក់សុទ្ធបានលើសពីការរំពឹងទុករបស់ Wall Street នៅត្រីមាសទី៤ ឆ្នាំ២០២២។ លទ្ធផលដ៏ល្អនេះកើតឡើង បើទោះបីជាមានការធ្លាក់ចុះចំនួនលក់កាលពីចុងឆ្នាំ២០២២កន្លងទៅ និងមានការលក់បញ្ចុះតម្លៃរថយន្ត ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល ដែលរួមមានការដំឡើងអត្រាការប្រាក់ និងការកើនឡើងអតិផរណាយ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗជាច្រើន។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ក្នុងរយៈពេល៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គឺមានចំនួនជាង ២៤ពាន់លានដុល្លារ ពោលគឺលើសបន្តិចពីការប៉ាន់ស្មានរបស់អ្នកវិភាគ។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅត្រីមាសទី៤មានចំនួនប្រហែល ៣ពាន់៧រយលានដុល្លារ ពោលគឺបានលើសពីការរំពឹងទុក ដែលមានក្នុងរង្វង់ជាង ២ពាន់៣រយលានដុល្លារផងដែរ។
ទោះយ៉ាងណាមិញ ក្រុមហ៊ុន Tesla បានព្យាករការកើនឡើង ៣៧% នៅក្នុងចំនួនលក់រថយន្តសម្រាប់ឆ្នាំ២០២៣នេះត្រឹមចំនួន១លាន៨សែនគ្រឿងប៉ុណ្ណោះ ដែលជាកំណើនយឺតជាងពីឆ្នាំមុន ទោះបានធ្វើការប្រូមូសិនលក់បញ្ចុះតម្លៃក៏ដោយ។
ដោយសារតែភាពមិនប្រាកដប្រជាអំពីស្ថានភាពសេដ្ឋកិច្ចសាកល និងការដំឡើងអត្រាការប្រាក់គោល ក្រុមហ៊ុន Tesla បញ្ជាក់ថា ខ្លួនកំពុងជំរុញផែនការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនអត្រាផលិតកម្មឱ្យកាន់តែខ្ពស់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
សូមរំឭកថា កាលពីឆ្នាំមុនភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺនៅក្រោយការទិញយកភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន Twitter ដោយលោក Elon Musk ដែលបានបង្កក្តីបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគលើក្រុមហ៊ុនរថយន្តមួយនេះ។ ប៉ុន្តែមហាសេដ្ឋីលេខ១ពិភពលោករូបនេះ បានធានាចំពោះបុគ្គលិក Tesla របស់លោក កុំឱ្យមានការបារម្ភចំពោះការធ្លាក់ចុះភាគហ៊ុននេះ ដោយលោកអះអាងថា Tesla នឹងនៅតែជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពេលយូរទៀត។
សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសថា នឹងវិនិយោគជាង ៣,៦ពាន់លានដុល្លារ ក្នុងការពង្រីករោងចក្រខ្នាតយក្សនៅរដ្ឋ Nevada ដើម្បីផលិតអាគុយប្រភេទថ្មី និងរថយន្តដឹកទំនិញអគ្គិសនី។ គម្រោងនេះ គឺនឹងជួយឱ្យ Tesla កាត់បន្ថយថ្លៃដើម និងបង្កើនផលិតកម្មអាគុយ។ ចំណែករថយន្តដឹកទំនិញវិញ គឺអាចធ្វើដំណើរបានដល់ ៨០០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង និងអាចដឹកទំនិញដល់ ៣៧តោន ដោយគ្រោងនឹងផលិតនៅឆ្នាំ២០២៤៕