ប្រទេសអូស្រ្តាលីប្រកាសទិញកាំជ្រួចប្រភេទTomahawk២២០ដើម ថ្លៃរាប់រយលានដុល្លារពីអាមេរិក បន្ទាប់ពីប្រទេសនេះ ទើបតែបានប្រកាសទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៣គ្រឿងពីអាមេរិកប៉ុណ្ណោះ។ នេះដោយយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រ្តាលីកាលពីថ្ងៃសុក្រទី ១៧ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍ទាំងខាងក្រសួងការពារជាតិអាមេរិក និងអូស្រ្តាលី កិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រម ហើយអាមេរិកបានអនុម័តត្រៀមលក់ចេញនូវកាំជ្រួចTomahawk ២២០ដើមនៃចំនួនទឹកប្រាក់ប្រមាណ ៨៩៤លានដុល្លារអាមេរិក។ កាំជ្រួចនេះជាប្រភេទបាញ់ឆ្លងទ្វីប ខណៈនឹងយកទៅបំពាក់ប្រើជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអូស្ត្រាលីទើបតែបានប្រកាសទិញ៣គ្រឿងពីអាមេរិកនាពេលថ្មីៗនេះ។រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បាននិយាយប្រាប់ Channel Nine ថា អូស្ត្រាលីត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ។ “ការធ្វើឱ្យប្រាកដថាយើងមានកាំជ្រួចវាយប្រហារចម្ងាយឆ្ងាយ គឺជាសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស”។ “នោះជាវិធីដែលយើងអាចរក្សាសុវត្ថិភាពប្រទេសអូស្ត្រាលី”។
លោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ ការអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិករបស់ប្រទេសអូស្ត្រាលី បាននិយាយថា “យើងពិតជាចង់បានសមត្ថភាពល្អបំផុតសម្រាប់កងកម្លាំងការពារអូស្ត្រាលី រួមបញ្ចូលទាំងសមត្ថភាពក្នុងការវាយប្រហារគូប្រជែងឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីដីគោកអូស្ត្រាលី” ។
ចំពោះតម្លៃនៃនាវាមុជទឹក៣គ្រឿងទិញពីអាមេរិកវិញ មន្ត្រីអូស្ត្រាលីបានប៉ាន់ប្រមាណថា វាស្ថិតនៅចន្លោះពី ២៦៨ ពាន់លានទៅ ៣៦៨ ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង(១៧៨ ពាន់លានដុល្លារដល់ ២៤៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៣០ ឆ្នាំ៕
ប្រភព៖ ALJAZEERA