Alynana Media Cambodia
Icon Collap
clinic narit

TOP NEWS: តើនឹងមានអ្វីកើតឡើង ក្រោយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ត្រូវបានដកតំណែង?

Media LNN | Aug 14, 2024
TOP NEWS: តើនឹងមានអ្វីកើតឡើង ក្រោយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ត្រូវបានដកតំណែង?
Clinic narith

 

(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ នៅថ្ងៃពុធ ទី១៤ ខែសីហានេះបានសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមានបំណងចង់ឱ្យពិចារណាដកតំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថាការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។
ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង​ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។

លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៉ីណាវ៉ាត់ ហើយបានក្លាយ​ជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា បន្ទាប់ពីការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?

នៅបន្ទាប់ពីការដកតំណែងលោក សេដ្ឋា គណៈរដ្ឋមន្ត្រីថៃសព្វថ្ងៃ នឹងកា្លយជាគណៈរដ្ឋមន្ត្រីចាំផ្ទះ ដោយមានរដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាឧបនាយករដ្ឋមន្ត្រី លោក Phumtham Wechayachai កាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី។ បន្ទាប់មកទៀត គណបក្សក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ នឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ហើយប្រធានរដ្ឋសភានឹងកោះប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ មិនមាននីតិវិធី ឬក្រិតក្រមណាមួយកំណត់ជាក់លាក់ថាតើសភាត្រូវកោះប្រជុំ ដើម្បីបោះឆ្នោតនៅពេលណានោះទេ។

* តើនរណា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ?

បើយោងតាមរដ្ឋធម្មនុញ្ញថៃ បេក្ខជនទាំងអស់ត្រូវតែជាអ្នកដែលធ្លាប់ត្រូវបានគណបក្សនយោបាយតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ ពួកគេ ក៏ត្រូវតែមកពីគណបក្សដែលមានសមាជិកសភារបស់ខ្លួន ២៥រូប ឬទទួលបានអាសនៈ ៥ភាគរយ នៃអាសនៈរដ្ឋសភាសរុប។ បេក្ខជនដែលចង់ឈ្នះក្នុងការប្រកួតប្រជែង ត្រូវប្រមូលឱ្យ បានសំឡេងគាំទ្រភាគច្រើន យ៉ាងតិច ២៥១សំឡេងពីសមាជិករដ្ឋសភាទាំង៥០០រូប។

ក្នុងពេលបច្ចុប្បន្ន គណបក្សនយោបាយថៃដែលបំពេញតាមគ្រប់លក្ខខណ្ឌទាំងនេះ មានចំនួន ៦ គឺអតីតគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជន (People’s Party) (មាន១៥១អាសនៈ) Pheu Thai (មាន១៤១អាសនៈ), Bhumjaithai (៧១អាសនៈ) Palang Pracharath (៤០អាសនៈ) United Thai Nation (៣៦អាសនៈ) និងគណបក្ស Democrat Party (២៥អាសនៈ)។ នៅក្នុងជួររដ្ឋាភិបាលចម្រុះ Pheu Thai មានបេក្ខជននាយករដ្ឋមន្ត្រី ដូចជាលោក សេដ្ឋា អ្នកស្រី Paetongtarn និងលោក Chaikasem ខណៈគណបក្ស Bhumjaithai មានបេក្ខជន នាយករដ្ឋមន្ត្រីតែម្នាក់គត់ គឺលោក Anutin Charnvirakul ជាមេដឹកនាំគណបក្សតែម្តង។ បេក្ខជនមកពីគណបក្ស Palang Pracharath គឺមេដឹកនាំបក្ស លោក Prawit Wongsuwan ហើយបេក្ខជន របស់គណបក្ស United Thai Nation គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក Prayut និងមេដឹកនាំបក្ស លោក Pirapan Salirathavibhaga។ តែលោក Prayut បានចូលនិវត្តន៍ពីនយោបាយទៅហើយ និងបាន ក្លាយជាសមាជិកមួយរូបនៃឧត្តមប្រឹក្សាព្រះមហាក្សត្រ។

ចំណែក នៅខាងគណបក្សប្រឆាំងវិញ គឺបេក្ខជនរបស់អតីតគណបក្ស Move Forward មិនទាន់ត្រូវបានគេដឹងនោះទេ ក្រោយអតីតមេដឹកនាំបក្ស លោក Pita Limjaroenrat ដែលកន្លងមកជាបេក្ខជន តែម្នាក់គត់របស់បក្ស ត្រូវបានហាមឃាត់ពីការធ្វើនយោបាយរយៈពេល១០ឆ្នាំ ខណៈខាងបក្ស Democrats មានអតីតមេដឹកនាំរបស់ខ្លួន គឺលោក Jurin Laksanawisit ជាបេក្ខជននាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា ក្រៅពីលោក សេដ្ឋា ធ្លាប់មាននាយករដ្ឋមន្ត្រីថៃ ២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធ ហើយត្រូវបានដកចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រី២នាក់ទៀតបានរួចខ្លួន។ នាយករដ្ឋមន្ត្រីដែលត្រូវបានតុលាការធម្មនុញថៃ ចេញសាលក្រមដកតំណែង រួមមានលោក Samak Sundaravej និងលោកស្រី Yingluck Shinawatra។ ចំណែក នាយករដ្ឋមន្ត្រីថៃ២នាក់ដែលបានរួចខ្លួន គឺលោក Thaksin Shinawatra និងលោក Prayut Chan-o-cha៕