(មូស្គូ)៖ ក្នុងចំណាត់ការសងសឹកថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសហាមឃាត់ជនជាតិកាណាដាសរុបជិត ៦០០នាក់ មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ីឡើយ សម្រាប់អ្វីដែលខ្លួនចាត់ទុកថាជា ទង្វើប្រកាន់ភាពជាសត្រូវ ដោយថ្នាក់ដឹកនាំរបស់ប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។
ក្នុងចំណោមជនជាតិកាណាដាចំនួន ៥៩២នាក់ ដែលជាប់បម្រាមរបស់រុស្ស៉ី ក៏រួមមានទាំងនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងឧបនាយករដ្ឋមន្រ្តីកាណាដា លោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) ផងដែរ។ វិធានការនេះ គឺជាផ្នែកនៃចំណាត់ការសងសឹងរបស់រុស្ស៉ី ប្រឆាំងនឹងបណ្តាប្រទេសទាំងឡាយ ដែលបានផ្តល់ការគាំទ្រផ្នែកនយោបាយនិងយោធា ដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៉ី ក៏បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តី, អ្នកកាសែត និងអ្នកជំនាញយោធា របស់កាណាដាសរុបចំនួន៦១នាក់ សម្រាប់អ្វីដែលខ្លួនហៅថា ជាជំហររើសអើងប្រឆាំងនឹងរុស្ស៉ី របស់រដ្ឋាភិបាលកាណាដា។ រីឯ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានដាក់បម្រាមធ្វើដំណើរស្រដៀងគ្នា លើសមាជិកសភារាប់រយនាក់របស់អង់គ្លេស៕