(អាមេរិក)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថតរូបនៅពន្ធនាគារ។
ការថតរូបនៅពន្ធនាគារជាផ្លូវការរបស់លោក Donald Trump ត្រូវបានបញ្ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤សីហា សប្ដាហ៍នេះ បន្ទាប់ពីលោកត្រូវបានសរសេរកំណត់ហេតុនៅពន្ធនាគារអាត្លង់តា ចំពោះបទចោទប្រកាន់ បទព្រហ្មទណ្ឌជាង១០ករណី ជាផ្នែកមួយនៃបទចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនករណី ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតដែលបានបរាជ័យក្នុងរដ្ឋចចា របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។រូបថតក្នុងទឹកមុខស្រពោន មិនញញឹម លោកត្រូវបានថត ដោយមានលេខសម្គាល់អ្នកទោស P01135809 អំឡុងការប្រគល់ខ្លួនរបស់លោក Trump នៅព្រឹកថ្ងៃសុក្រនេះ។
លោក Trump បានស្ថិតក្នុងពន្ធនាគាររយៈពេល២០នាទី មុនពេលត្រឡ់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកវិញនៅរដ្ឋ New Jersey បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន២០ម៉ឺនដុល្លារអាមេរិក។
ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។
លោកTrump កំពុងប្រឈមការចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលការបោះឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ ។
នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ៕