ភាពតានតឹងបានកើនឡើងរវាងអ្នកគាំទ្រលោក Trump និងលោក Biden ខណៈលទ្ធផលនៃការបោះឆ្នោតមិនទាន់បានកំណត់
ថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ចប់ទៅ កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា។
ក៏ប៉ុន្តែ ចាប់តាំងពីយប់ថ្ងៃអង្គារ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ ក្រុមអ្នកគាំទ្ររបស់បេក្ខជនប្រធានាធិបតីទាំងពីររូប គឺលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ បានចេញតវ៉ានៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។
ក្នុងករណីខ្លះ ពួកគេបានតតាំងគ្នាជាពាក្យសម្តី ហើយក្នុងករណីខ្លះ មានការប្រទាញប្រទង់គ្នា ក៏ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតឡើងនោះទេ។
ភាពតានតឹងនេះ ក៏ជំរុញឲ្យក្រុមមន្ត្រីប៉ូលិសតាមបណ្តាទីក្រុងមួយចំនួនដូចជា ទីក្រុង Phoenix រដ្ឋ Arizona ទីក្រុង North Las Vegas រដ្ឋ Nevada និងទីក្រុង Philadelphia រដ្ឋ Pennsylvania រួមទាំងមន្ត្រីទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ចេញប្រតិបត្តិការឃ្លាំមើល ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់។
គិតត្រឹមម៉ោង ៩ល្ងាច ថ្ងៃសុក្រ ម៉ោងនៅសហរដ្ឋអាមេរិក លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ មិនទាន់សម្រេចនៅឡើយទេ៕