ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញរបស់តៃវ៉ាន់ TSMC បានបោះទុនវិនិយោគរហូតដល់១១ពាន់លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតបន្ទះឈីបលើកដំបូងនៅលើទឹកដីទ្វីបអឺរ៉ុប ដើម្បីធានាការផ្គត់ផ្គង់បន្ទះសៀគ្វីដ៏រឹងមាំសម្រាប់បម្រើឱ្យឧស្សាហកម្មយានយន្តនៅក្នុងតំបន់នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC កាលពីពេលថ្មីៗ បានបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបនៅទីក្រុងដ្រេដិន (Dresden) ប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រលើកដំបូងរបស់ខ្លួននៅលើទឹកដីអឺរ៉ុប ហើយវាការផ្លាស់ប្តូរមួយដ៏គួរភ្ញាក់ផ្អើលក្នុងវិស័យបច្ចេកវិទ្យាកម្រិតនេះ។ សម្រាប់រោងចក្រផលិតបន្ទះឈីបដែលផ្តោតសំខាន់លើឧស្សាហកម្មយានយន្តនេះ មានតម្លៃវិនិយោគរហូតដល់១១ពាន់លានដុល្លារឯណោះ។
ថ្នាក់ដឹកនាំក្រុមហ៊ុន TSMC បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុន TSMC ជ្រើសរើសបង្កើតរោងចក្រលើកដំបូងនៅប្រទេសអាល្លឺម៉ង់ គឺដោយសារតែវាស្ថិតនៅជិតបំផុតនឹងអតិថិជនរបស់ពួកគេ។ ហើយបើគ្មានការប្រែប្រួលទេ រោងចក្រនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៧ ខាងមុខនេះ។
រោងចក្រនេះនឹងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនផលិតបន្ទះឈីបអឺរ៉ុប (ESMC) ដោយក្រុមហ៊ុនTSMC បានបណ្តាក់ទុន៧០% ហើយក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Bosch ក្រុមហ៊ុនបន្ទះឈីបរថយន្តអាល្លឺម៉ង់ Infineon Technologies និងក្រុមហ៊ុនបន្ទះឈីប NXP របស់ប្រទេសហូឡង់មានភាគហ៊ុនម្នាក់ៗ ១០%៕