ក្រុមហ៊ុន Twitter បានគំរាមប្តឹងក្រុមហ៊ុន Meta Platforms ជុំវិញកម្មវិធី Threads ថ្មីរបស់ខ្លួន នេះបើយោងតាមការរាយការណ៍របស់គេហទំព័រព័ត៌មាន Semafor ដោយដកស្រង់លិខិតមួយផ្ញើទៅកាន់នាយកប្រតិបត្តិរបស់ហ្វេសប៊ុក លោក Mark Zuckerberg ដោយមេធាវីរបស់ក្រុមហ៊ុន Twitter លោក Alex Spiro ។
លោក Spiro បានសរសេរនៅក្នុងលិខិតនោះថា Twitter មានការព្រួយបារម្ភយ៉ាងខ្លាំងដែលក្រុមហ៊ុន Meta បានចូលរួមក្នុងការក្លែងបន្លំជាប្រព័ន្ធដោយចេតនា និងប្រើប្រាស់អាថ៌កម្បាំងពាណិជ្ជកម្មរបស់ Twitter និងកម្មសិទ្ធិបញ្ញាផ្សេងទៀតដោយខុសច្បាប់។ លោកបន្តថា Twitter មានបំណងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួនយ៉ាងតឹងរ៉ឹង ហើយទាមទារឱ្យក្រុមហ៊ុន Meta ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់អាថ៌កម្បាំងពាណិជ្ជកម្មរបស់ Twitter ឬព័ត៌មានសម្ងាត់ផ្សេងទៀត។ នៅក្នុងលិខិតដដែលនោះ លោក Spiro ក៏បានចោទប្រកាន់ក្រុមហ៊ុន Meta ពីបទជួលអតីតបុគ្គលិក Twitter ដែលមានសិទ្ធិចូលប្រើអាថ៌កម្បាំងពាណិជ្ជកម្មរបស់ Twitter និងព័ត៌មានសម្ងាត់ផ្សេងទៀតផងដែរ។
យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បានអះអាងនៅក្នុងសារនៃកម្មវិធី Threads ថា គ្មាននរណាម្នាក់នៅក្នុងក្រុមវិស្វកម្ម Threads គឺជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Twitter នោះទេ។ បន្ថែមលើនោះ អតីតបុគ្គលិករបស់ក្រុមហ៊ុន Twitter ជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេមិនបានដឹងអំពីអតីតបុគ្គលិក Twitter ណាម្នាក់ដែលធ្វើការជាមួយកម្មវិធី Threads ឬអតីតបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ដែលបានចូលរួមជាមួយក្រុមហ៊ុន Meta ទាល់តែសោះ។ ខណៈពេលដែល ម្ចាស់ Twitter លោក Elon Musk បានបង្ហោះនៅលើកម្មវិធីរបស់លោកថា៖«ការប្រកួតប្រជែងគឺជារឿងដ៏ល្អ ប៉ុន្តែការបន្លំគឺជារឿងមិនអាចទទួលយកបាន»។ គួរបញ្ជាក់ថា Meta បានបើកដំណើរការកម្មវិធី Threads កាលពីថ្ងៃពុធ និងមានគណនីជាង៣០លានបានចុះឈ្មោះប្រើប្រាស់៕