បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកិច្ចការមីយ៉ាន់ម៉ា នឹងចុះចេញពីតំណែងនៅខែមិថុនានេះ បន្ទាប់ពីកាន់តំណែងរយៈពេល១៨ខែ និងត្រូវរងការរិះគន់ពីសំណាក់របបយោធា និងគូប្រជែងរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារិក (Stephane Dujarric) បានឱ្យដឹងថា លោកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនថូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ក្នុងខែតុលា ឆ្នាំ២០២១ នឹងបញ្ចប់ភារកិច្ចរបស់ខ្លួន នៅថ្ងៃទី ១២ ខែមិថុនា នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ហេហ្សឺ សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់នាង ក្នុងនាមសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា» ដោយបន្ថែមថាបេសកជនថ្មីនឹងត្រូវបានតែងតាំង។
លោកស្រី ហេហ្សឺ ជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមដែលត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធា លោក មីង អ៊ោងឡាំង (Min Aung Hlaing) និងមន្ត្រីយោធាកំពូលផ្សេងទៀត ក្នុងសកម្មភាពមួយដែលត្រូវបានរិះគន់ជាខ្លាំងដោយក្រុមសិទ្ធិមនុស្ស។ ប៉ុន្តែលោកស្រីត្រូវបានបដិសេធមិនឱ្យចូលជួបមេដឹកនាំប្រជាធិបតេយ្យលោកស្រី ស៊ូជី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ឆ្នាំ។ បេសកជនអង្គការសហប្រជាជាតិ ក្រោយមកបានធ្វើឱ្យមន្ត្រីរបបយោធាមានការខឹងសម្បារ និងបានចោទប្រកាន់លោកស្រីថាបានចេញ «សេចក្តីថ្លែងការណ៍ដែលផ្អែកតែលើភាគីម្ខាង» នៃអ្វីដែលបានពិភាក្សា។ ក្រោយមកលោកស្រីបានប្តេជ្ញាថានឹងមិនធ្វើដំណើរទៅប្រទេសនេះទៀតទេ លុះត្រាតែលោកស្រីត្រូវបានអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លី និងបង្កឱ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងរដ្ឋប្រហារ។ កិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការទប់ស្កាត់ការបង្ហូរឈាមដែលកើតឡើងដោយរដ្ឋប្រហារ៕