ភ្នំពេញៈ កម្ពុជារួមជាមួយប្រទេសជាង ១៧០ ផ្សេងទៀត និងអង្គការសហប្រជាជាតិ (UN) បានចូលរួមកិច្ចពិភាក្សានៅក្នុងវេទិកាមួយនៅប្រទេសបារាំង ដើម្បីជំរុញដំណោះស្រាយការបំពុលដោយប្លាស្ទិកសកល។
លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីក្រសួងបរិស្ថានចំនួន ៤នាក់ទៅចូលរួមកិច្ចប្រជុំ គណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលលើកទី២ ដើម្បីរៀបចំលិខិតូបករណ៍ស្ដីពីការបំពុលដោយប្លាស្ទិក (INC-2) នៅប្រទេសបារាំង ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។
ក្រសួងបរិស្ថានបញ្ជាក់លើហ្វេសប៊ុកនាថ្ងៃទី២ ខែមិថុនា ថា កិច្ចប្រជុំនេះមានការចូលរួមពី ប្រទេសចំនួន១៧៥ អង្គការអន្តររដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ភ្នាក់ងារជំនាញនៃអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ១៥០០ នាក់។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំជាមួយតំណាងវេទិកាសេដ្ឋិច្ចពិភពលោក (World Economic Forum) ដើម្បីពិភាក្សាលើកិច្ចសហប្រតិការនៃគម្រោងភាពជាដៃគូសកម្មភាពប្លាស្ទិកសកល (Global Plastic Action Partnership) ផងដែរ៕