Alynana Media Cambodia
Icon Collap
clinic narit

ស្ថានទូតម៉ាឡេស៊ី ប្ដេជ្ញាថា នឹងមិនលើកលែងចំពោះបុគ្គល Uncle Roger ដែលប្រមាថម្ហូបខ្មែរថា«ជាកាកសំណល់»

Admin Alynana | Aug 19, 2023
ស្ថានទូតម៉ាឡេស៊ី ប្ដេជ្ញាថា នឹងមិនលើកលែងចំពោះបុគ្គល Uncle Roger ដែលប្រមាថម្ហូបខ្មែរថា«ជាកាកសំណល់»
Clinic narith

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីផ្ទុះប្រតិកម្មខ្លាំង ចំពោះជនជាតិម៉ាឡេស៉ី កាលពីពេលកន្លងទៅ ស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៉ីនឹងមិនអត់ឱន ចំពោះជនជាតិខ្លួនឈ្មោះ Nigel Ng (Uncle Roger) ដែលមានឆាណែល YouTube ឈ្មោះ mrnigelng ដែលចេញឃ្លីបវីដេអូប្រើប្រាស់ពាក្យពេចន៍ ដែលវាយតម្លៃមិនល្អ មកលើម្ហូបអាហារខ្មែរ នោះឡើយ ហើយថានឹងចាត់វិធានការឱ្យបានសមស្រប តាមសំណើរបស់ភាគីកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ ចំពោះសេចក្ដីថ្លែងការណ៍ផ្លូវការមួយ របស់ក្រសួងទេសចរណ៍ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមិនសមរម្យរបស់បុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលមានឆាណែល YouTube ឈ្មោះ mrnigelng កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នោះ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា សូមបញ្ជាក់ឡើងវិញថា «មិនអត់ឱនឱ្យឡើយ ចំពោះពាក្យពេចន៍ ឬសកម្មភាពទាំងឡាយណាដែលបំផ្លាញ ឬធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ ពាក្យពេចន៍ ឬសកម្មភាពទាំងនោះ មិនបានឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញ របស់យើងឡើយ»។

គួររំឭកថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម ចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។

សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះ mrnigelng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប»។

ជាការសង្កត់ធ្ងន់ ក្រសួងទេសចរណ៍បានស្នើឱ្យបុគ្គល Nigel Ng (Uncle Roger) ដែលមានឆាណែល YouTube ឈ្មោះ mrnigelng ចេញសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្ដាញសង្គមរបស់ខ្លួន។

តាមការបញ្ជាក់ជាថ្មីរបស់លោក ជុក ជំនោរ អគ្គនាយក និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ កន្លងទៅ ក្រសួងទេសចរណ៍បានដាក់លិខិត ទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយ ដើម្បីស្នើឱ្យមានវិធានការលើបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលមានឆាណែល YouTube ឈ្មោះ mrnigelng។ ក៏ប៉ុន្តែមកដល់ពេលនេះ កម្ពុជាមិនទាន់ឃើញបុគ្គល Nigel Ng ចេញមុខសុំទោសជាសាធារណៈ ចំពោះប្រជាជនកម្ពុជា ឬកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញនៅឡើយទេ។

ទោះជាយ៉ាងណា ស្ថានទូតម៉ាឡេស៉ីបានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់បុគ្គលឈ្មោះ Nigel Ng នឹងមិនបង្កការរំខាន និងបំផ្លាញដល់ទំនាក់ទំនងមិត្តភាព ក៏ដូចជាការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា-ម៉ាឡេស៉ី និងប្រជាជននៃប្រទេសទាំង២នោះទេ។ កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខណ្ឌអន្តរជាតិ និងតំបន់៕fn-2023-08-18-10-38-34-0