Alynana Media Cambodia
Icon Collap
clinic narit

UPDATE: មនុស្សយ៉ាងហោចជាង១២០នាក់ស្លាប់ ភាគច្រើនជាស្រ្តី ក្រោយហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីសាសនានៅឥណ្ឌា

Media LNN | Jul 03, 2024
UPDATE: មនុស្សយ៉ាងហោចជាង១២០នាក់ស្លាប់ ភាគច្រើនជាស្រ្តី ក្រោយហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីសាសនានៅឥណ្ឌា
Clinic narith

(ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌា បានរាយការណ៍នាថ្ងៃពុធនេះថា តួលេខអ្នកស្លាប់ដោយសារហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីសាសនហិណ្ឌូមួយ នៅភាគខាងជើងឥណ្ឌា បានកើនដល់យ៉ាងហោច១២១នាក់។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។

សោកនាដកម្មខាងលើ បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំឡុងពិធីជួបជុំសាសនា នៅភូមិមួយក្នុងស្រុក Hathras នៃរដ្ឋ Uttar Pradesh ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីភាគខាងត្បូងរដ្ឋធានីញូវដែលី។ ខណៈប៉ូលិសបានផ្តល់ការអនុញ្ញាតឱ្យ មនុស្សប្រមាណជា ៨០,០០០នាក់ អាចប្រមូលផ្តុំគ្នាអំឡុងពិធីនោះ មានមនុស្សរហូតដល់ទៅខ្ទង់ ២៥០,០០០នាក់ ដែលបានមកចូលរួម ជាក់ស្តែង។

បើយោងតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI មនុស្សយ៉ាងហោច១២១នាក់បានបាត់បង់ជីវិត និង២៨នាក់ផ្សេងទៀត បានទទួលរងរបួស។ ប្រមុខរដ្ឋបាលនៃរដ្ឋ Uttar Pradesh បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ រួមមានស្រ្តីរហូតដល់១០៨នាក់ និងកុមារចំនួន៧នាក់។

គួរបញ្ជាក់ថា ភាពវឹកវររហូតឈានដល់មានការជាន់គ្នាស្លាប់បែបនេះ កើតមានឡើងនៅពេលគ្រូអាចារ្យនៃពិធីសាសនានោះ ឡើងរថយន្ត​ដើម្បីចាកចេញទៅវិញ។ រំពិចនោះ មនុស្សរាប់ពាន់នាក់ ស្រាប់តែនាំគ្នាស្រែកនិងរត់សំដៅមកកាន់រថយន្ត ជាហេតុបណ្តាលឱ្យទៅជាន់លើ​អ្នកដទៃទៀត ដែលកំពុងអង្គុយនៅឡើយ ហើយអ្នកខ្លះទៀត បានដួលអំឡុងភាពចលាចល ហើយត្រូវគេសង្កត់ពីលើ៕