(ភ្នំពេញ)៖ ស្របពេលទីផ្សារអាកាសចរណ៍ពិភពលោកកំពុងប្រឈមនឹងការកង្វះខាត និងតម្រូវការធ្វើដំណើរកើនឡើង ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការយន្តហោះម៉ាកថ្មី ដើម្បីដឹកភ្ញៀវធ្វើដំណើររហូតដល់ 10 គ្រឿបន្ថែមទៀតនៅចុងឆ្នាំ 2024។ ការពង្រីកនេះ នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្លាយជាក្រុមហ៊ុនឈានមុខគេបន្ថែមទៀត នៅក្នុងវិស័យអាកាសចរណ៍។
កងនាវាអាកាសចរណ៍ដ៏ទំនើប ត្រូវបានដាក់ឱ្យដំណើរការស្របតាមគោលដៅអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនបទពិសោធន៍អ្នកដំណើរនៅលើបណ្តាញដ៏ធំទូលាយរបស់ខ្លួនទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។
ភាគច្រើននៃយន្តហោះថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីខែសីហា ឆ្នាំ 2024 គឺជាម៉ូដែល A321neo ACF (Airbus Cabin Flex) ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Airbus ។ ក្នុងឆ្នាំ 2019 Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់ពិភពលោក ដែលដំណើរការយន្តហោះម៉ូដែល ACF។
A321neo ACF បំពាក់នូវកាប៊ីនដែលបានរចនាឡើងដ៏ទំនើប ទំហំកៅអីស្តង់ដារ និងកន្លែងធំទូលាយ ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរតាមយន្តហោះនេះ។ យន្តហោះទាំងនេះ ក៏ផ្តល់នូវការសន្សំសំចៃប្រេងយ៉ាងហោចណាស់ 16% កាត់បន្ថយសំលេងរំខានរហូតដល់ 75% និងមានការបំភាយឧស្ម័នតិចជាង 50%។
ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus ដែលមានតម្លៃ 7.4 ពាន់លានដុល្លារ។ ឆាប់ៗនេះ អ្នកធ្វើដំណើរនឹងអាចធ្វើដំណើរតាមយន្តហោះទាំងនេះ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព ផាសុកភាព និងបរិក្ខារទំនើបបំផុត។
បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង 100 គ្រឿង រួមទាំងយន្តហោះជំនាន់ថ្មីទំនើប និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo និង A321neo ACF, និង A330 ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្តេជ្ញាការពារបរិស្ថាន និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព ដែលមានគោលដៅសម្រេចបាននូវអព្យាក្រិតនៃការបំភាយឧស្ម័នកាបូនត្រឹមឆ្នាំ 2050។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង 200 លាននាក់ រួមទាំងអ្នកធ្វើដំណើររាប់លាននាក់ដែលបានធ្វើដំណើរជាលើកដំបូង។
នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានផ្តល់សេវាដឹកអ្នកដំណើរចំនួន 13.1 លាននាក់ និងបានដំណើរការជើងហោះហើរប្រកបដោយសុវត្ថិភាពចំនួន 70,154។ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានចំនួនសរុប 34.016 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធរួមចំនួន 1.311 ពាន់ពាន់លានដុង (ប្រហែល 52 លានដុល្លារអាមេរិក) ដែលបានកើនឡើង 15% និង 433% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 រហូតដល់ 21%។ ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ទាំងថ្លៃសេវាផ្ទាល់ និងប្រយោល។
ជាមួយនឹងយន្តហោះថ្មីចំនួន 10 គ្រឿងនឹងមកដល់ក្នុងឆមាសទីពីរនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet នឹងបន្តពង្រីកបណ្តាញរបស់ខ្លួនទាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ បន្ទាប់ពីបានបន្ថែមគោលដៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ កម្ពុជា និងប្រទេសជាច្រើនទៀត។ តាមរយៈការផ្តល់ជូននូវសេវាដោយបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងឧស្សាហ៍ព្យាយាមរបស់ក្រុមហ៊ុនអាកាសចរណ៍ ការបន្ថែមដាក់ដំណើរការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចបំពេញតាមតម្រូវការធ្វើដំណើររបស់អ្នកដំណើរបានល្អប្រសើរឡើង និងផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ជើងហោះហើរប្រកបដោយសុវត្ថិភាពរបស់ក្រុមហ៊ុន Vietjet បាននិងកំពុងតភ្ជាប់ប្រទេស វប្បធម៌ និងទ្វីបនានា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។
បច្ចុប្បន្ន Vietjet កំពុងដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងទីក្រុងហាណូយនៃប្រទេសវៀតណាម ឥឡូវនេះ អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ការធ្វើដំណើរបន្តទៅគោលដៅផ្សេងៗជាច្រើនទៀតជាមួយនឹងបណ្តាញជើងហោះហើរអន្តរជាតិដ៏ធំទូលាយរបស់ Vietjet៕