ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តអគ្គិសនីដំបូងរបស់ខ្លួនប្រមាណ ៩៩៩ គ្រឿងដែលបានដឹកជញ្ជូនទៅសហរដ្ឋអាមេរិក ត្រឡប់ចូលឃ្លាំងក្រុមហ៊ុនវិញ ដោយសារតែបញ្ហាលើអេក្រង់បង្ហាញដែលអាចបង្កហានិភ័យសុវត្ថិភាព ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបានប្រាប់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាក្រុមហ៊ុន VinFast មិនបានដឹងពីរបាយការណ៍នៃឧប្បត្តិហេតុណាមួយក៏ដោយ ក៏ក្រុមហ៊ុនកំពុងចេញការប្រមូលយករថយន្តមកវិញទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ។
ក្រុមហ៊ុន VinFast បញ្ជាក់ទៀតថា អេក្រង់នៅក្នុងរថយន្តម៉ូដែល VF 8 SUV គឺមានបញ្ហាខាង Software ដោយវាមិនបង្ហាញព័ត៌មានសុវត្ថិភាពសំខាន់ៗដូចជា ឧបករណ៍វាស់ល្បឿន ឬភ្លើងសញ្ញាព្រមានហានិភ័យនៃគ្រោះថ្នាក់ណាមួយឡើយ ។
ក្រុមហ៊ុន VinFast បានដឹងពីបញ្ហានេះនៅថ្ងៃទី២៧ ខែមេសា ដោយសារតែមានការបញ្ចេញមតិត្អូញត្អែរលើបណ្ដាញសង្គម ក៏ដូចជាកង្វល់របស់អតិថិជនជាច្រើន ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនបានដឹកជញ្ជូនរថយន្តអគ្គិសនីជាង ២,០០០ គ្រឿងទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិក ។
ក្រៅពីទៅកាន់អាមេរិក ក្រុមហ៊ុនក៏បាននាំចេញរថយន្តអគ្គិសនីទៅកាន់ទីផ្សារប្រទេសកាណាដា ហើយថែមទាំងបានកំណត់គោលដៅលក់នៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ជាមួយនឹងការទទួលបានប្រាក់ចំណេញ ចាប់ពីឆ្នាំ ២០២៥ តទៅ ៕