ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសលើហ្វេសប៊ុកផ្លូវការឱ្យវិទ្យុ VOD បញ្ជាក់ករណីផ្សាយព័ត៌មានមិនពិតថាឯកឧត្ដមចុះហត្ថលេខាជំនួសសម្តេចតេជោក្នុងការផ្តល់ជំនួយថវិកាដល់តួកគី និងធ្វើការសូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខណៈឯកឧត្ដមបញ្ជាក់ថា មិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់នោះទេ។
ឯកឧត្ដម បានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ពិតជាមានរឿងប្លែកៗមែន... បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ»ឯកឧត្ដមឱ្យ វិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។
ឯកឧត្ដមបញ្ជាក់ថា ឯកឧត្តម បានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។
ឯកឧត្ដមបន្តថា បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ឯកឧត្ដមថ្លែងថា៖«ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»៕