Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីនាវាទេសចរណ៍ Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ម្តងទៀត ?

Media LNN | Dec 15, 2023
ហេតុអ្វីនាវាទេសចរណ៍ Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ម្តងទៀត ?
Clinic narith

នាវាទេសចរណ៍ Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​នៅថ្ងៃទី​២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១៥០០នាក់។ ភ្ញៀវទេសចរជាង៩០០នាក់ នឹងត្រឡប់ទៅតាមនាវាវិញ ​ឯជាង ៦០០នាក់ទៀតនឹងបន្តកម្សាន្តនៅកម្ពុជា។

ហេតុអ្វីនាវា Westerdam ត្រលប់មកនៅកម្ពុជាម្តងទៀត ?​

បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ការចូលចតរបស់នាវា Westerdam នាពេលនេះ ជាការអរគុណដល់កម្ពុជានាឱកាសគម្រប់ខួប៣ឆ្នាំ នៃការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែព្រះសីហនុ កាលដើមឆ្នាំ ២០២០។ នៅពេលនោះ ប្រទេសជាច្រើនបដិសេធមិនអោយចូល ដោយសារការព្រួយបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩។ ហើយទីបំផុត​កប៉ាល់​នេះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​​ ហើយ​អ្នកដំណើរ ​និង​នាវិក​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​។

មូលហេតុដែលរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ លើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយកូវីដ-១៩ ។ 

នាពេលនោះ មានមនុស្សជាង ២ ២០០នាក់នៅលើនាវាក្នុងនោះ អ្នកដំណើរ ១ ៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ ចំនួនអ្នកដំណើរច្រើនជាងគេ គឺមកពីអាម៉េរិក កាណាដា អង់គ្លេស ហូឡង់ អូស្ត្រាលី និងអាល្លឺម៉ង់។

ផលចំណេញរបស់កម្ពុជាពេលនាវា Westerdam ចូលចតនៅព្រះសីហនុ 

ជារួមនៅពេលដែលនាវា Westerdam ចូលចតនៅប្រទេសណាមួយ វានឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនោះ តួយ៉ាងដូចជាការបង្កើនប្រាក់ចំណូលពីទេសចរណ៍។ ជាធម្មតាកប៉ាល់ Westerdam ដឹកអ្នកដំណើរជាង ២ ០០០នាក់ ដែលភ្ញៀវទេសចរមួយចំនួន នឹងចំណាយលើសេវាកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តនៅប្រទេសណាមួយ។ ការណ៍នេះ អាចនាំចំណូលពីទេសចរណ៍រាប់លានដុល្លារដល់ប្រទេសនោះ។

ទន្ទឹមនេះ វាបានការបង្កើតការងារនៅតំបន់ចុះចតមួយចំនួនផងដែរ។ នាវា Westerdam ត្រូវការកម្លាំងពលកម្មច្រើនដើម្បីប្រតិបត្តិការ រួមទាំងនាវិក បុគ្គលិកសេវាកម្ម និងមគ្គុទ្ទេសក៍ទេសចរណ៍។ នេះអាចបង្កើតការងាររាប់រយ ឬរាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។

ក្រៅពីនេះ នាវានេះនឹងជួយផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់។ ព្រឹត្តិការណ៍នៃការចតកប៉ាល់ Westerdam ជារឿយៗ ត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយជួយផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសនោះ ទៅកាន់មនុស្សកាន់តែច្រើន។ ការណ៍នេះ អាចនាំឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នាពេលអនាគត។

ជាក់ស្តែង តាមការប៉ាន់ប្រមាណពីក្រសួងទេសចរណ៍ នៅពេលដែលនាវា Westerdam ចូលចតនៅខេត្តព្រះសីហនុឆ្នាំ ២០២០ បាននាំមកនូវចំណូលដល់កម្ពុជាប្រមាណ ១លានដុល្លារ ពីវិស័យទេសចរណ៍។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ជួយ​កម្ពុជា​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​១០​ម៉ឺន​នាក់ ​ក្នុង​ឆ្នាំ​២០២០ដែរ។

លើសពីនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀតនេះ ជាឱកាសសម្រាប់បង្ហាញពិភពលោក ពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។

តើនាវានេះ មានលក្ខណៈពិសេសៗ អ្វីខ្លះ?

នាវា MS Westerdam ជាប្រភេទនាវាទេសចរណ៍លំដាប់វីស្តាដែលគ្រប់គ្រងដោយ Holland America Line។ វាជានាវាជំនាន់ទី៣ ដែលភ្ជាប់ជាមួយឈ្មោះ Westerdam។ កប៉ាល់នេះ ក៏មានដៃគូផ្សេងទៀតដែរ ដូចជា Oosterdam, Zuiderdam និង Noordam ។

នាវា Westerdam ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៤ នៅឯកន្លែងផលិតកប៉ាល់ Fincantieri Marghera ក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី ដែលចំណាយទឹកប្រាក់អស់ ៤៥០ លានដុល្លារ។ វាមានប្រវែង ២៨៥ ម៉ែត្រ (៩៣៥ហ្វីត) ទទឹង ៣២ម៉ែត្រ (១០៥ហ្វីត) និងទម្ងន់ ៨២,៥ពាន់តោន។ កប៉ាល់នេះ អាចផ្ទុកអ្នកដំណើរអតិបរមា ២ ០១៤នាក់ និងសមាជិកនាវិក ៨៥៨នាក់។ នាវានេះ មានបន្ទប់សរុបចំនួន ១ ២៥០ ក្នុងនោះបន្ទប់ចំនួន ១ ០៩៨ សម្រាប់អ្នកដំណើរ និង១៥២បន្ទប់ សម្រាប់នាវិក។ 

Westerdam ត្រូវបានបំពាក់ដោយឧបករណ៍កម្សាន្ត និងកន្លែងលំហែកាយរួមមាន ភោជនីយដ្ឋាន និងបារចំនួន១៣កន្លែង អាង​ហែល​ទឹក​ចំនួន​៥ តំបន់ទឹកពុះចំនួន១២ កន្លែងស្ប៉ា និងហាត់ប្រាណចំនួន១ រោងកុន១ កាស៊ីណូ១ បណ្ណាល័យ១ និងវិចិត្រសាលសិល្បៈចំនួន១ ។ 

តើនាវា Westerdam ផ្តល់ជូនកញ្ចប់សេវាកម្មអ្វីខ្លះ ? 

នាវា Westerdam តែងតែធ្វើដំណើរកម្សាន្តទៅកាន់គោលដៅនានាជុំវិញពិភពលោក រួមមានអឺរ៉ុប អាស៊ី អាហ្រ្វិក និងអាម៉េរិកខាងត្បូង។

តម្លៃនៃការធ្វើដំណើរនៅលើ Westerdam អាស្រ័យលើប្រភេទបន្ទប់ដែលអ្នកជ្រើសរើស និងពេលវេលានៃការធ្វើដំណើរ។ ឧទាហរណ៍ការធ្វើដំណើររយៈពេល ៧ថ្ងៃ ពីទីក្រុង Amsterdam ហូឡង់ ទៅកាន់ទីក្រុង Venice អ៊ីតាលី តម្លៃសំបុត្រសម្រាប់បន្ទប់ខាងក្នុងចាប់១ ៥០០ដុល្លារ ខណៈបន្ទប់មើលឃើញទេសភាពខាងក្រៅចាប់ ២ ០០០ដុល្លារ។ 

ទន្ទឹមនេះ បន្ទប់ដែលមានយ៉រ អាចឈរកម្សាន្តលេងតម្លៃចាប់ពី ៣ ០០០ដុល្លារ ស្របពេលបន្ទប់ដែលមានលក្ខណៈប្រណិតចាប់ពី ៥ ០០០ដុល្លារ។ ចំណែកបន្ទប់ពិសេសតែម្តងតម្លៃ​ចាប់ពី ៧ ០០០ដុល្លារឡើងទៅ។

តម្លៃសំបុត្រទាំងអស់នេះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅ អាហារ និងសកម្មភាពកម្សាន្តនៅលើនាវា។ យ៉ាងណាមិញ ការចំណាយបន្ថែមដូចជាភេសជ្ជៈ សេវាស្ប៉ា និងដំណើរកម្សាន្តតាមផ្លូវគោក អតិថិជនត្រូវគិតគូរដោយខ្លួនឯង។

នេះជាសកម្មភាពពេញនិយមមួយចំនួននៅលើនាវា ដូចជាសម្រាប់អាហារថ្ងៃត្រង់ Westerdam មានភោជនីយដ្ឋានជាច្រើនដែលបម្រើម្ហូបមកពីជុំវិញពិភពលោក។ អ្នកអាចរីករាយជាមួយម្ហូបហូឡង់ ម្ហូបថៃ ឬម្ហូបអ៊ីតាលីជាដើម។

ចំពោះកន្លែងកម្សាន្ត នាវានេះមានរោងមហោស្រព កាស៊ីណូ និងបារជាច្រើន។ អ្នកអាចមើលកម្មវិធីនៅរោងមហោស្រព លេងហ្គេមនៅកាស៊ីណូ ឬអាចផឹកស្រាក្រឡុកនៅក្នុងបារ។ បន្ថែមពីនេះ អ្នកអាចសម្រាកជាមួយការម៉ាស្សា ហាត់ប្រាណនៅមណ្ឌលហាត់ប្រាណ ឬលេងបាល់ទាត់ជាមួយមិត្តភក្តិ។

ចំណែកការសិក្សាវិញ Westerdam មានផ្តល់ជូនថ្នាក់ធ្វើម្ហូប ថ្នាក់សិល្បៈ និងថ្នាក់ភាសា។ អ្នកអាចរៀនជំនាញថ្មី ឬគ្រាន់តែរៀនបន្ថែមអំពីវប្បធម៌នៃជាតិសាសន៍ដទៃ។ នៅពេលយប់នាវា Westerdam តែងតែចូលចតនៅទីតាំងថ្មី។ អ្នកអាចទៅកម្សាន្តនៅលើដីគោក ឬស្នាក់នៅលើកប៉ាល់ ហើយរីករាយនឹងសកម្មភាពកម្សាន្តនៅលើនាវាផ្ទាល់ក៏បាន៕