
បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅទូទាំងពិភពលោកបានធ្លាក់ចុះ ១៦% ស្មើនឹង ២,៧លាននាក់ កាលពីសប្តាហ៍មុន។ ឯចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក៏បានធ្លាក់ចុះ ១០% ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
៥ ក្នុងចំណោម ៦តំបន់របស់ WHO គឺសុទ្ធតែមានករណីឆ្លងថ្មីធ្លាក់ចុះទាំងអស់ ដូចជា អាហ្វ្រិក និងប៉ាស៊ីហ្វិកខាងលិច ធ្លាក់ចុះ២០%, អឺរ៉ុប ធ្លាក់ចុះ១៨%, ទ្វីបអាមេរិកធ្លាក់ចុះ១៦% និងអាស៊ីអាគ្នេយ៍ធ្លាក់ចុះ១៣%។ មានតែតំបន់មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះ ដែលមានករណីឆ្លងថ្មីកើនឡើង។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មី បានធ្លាក់ចុះ៥សប្តាហ៍ជាប់ៗគ្នាហើយ ពោលគឺធ្លាក់ចុះស្ទើរតែពាក់កណ្តាល ពីចំនួនជាង ៥លាននាក់នៃសប្តាហ៍ដើមខែមករា។ មូលហេតុនៃការធ្លាក់ចុះ ត្រូវបានមន្ត្រី WHO បញ្ជាក់ថា ដោយសារតែប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ ដូចជាការរក្សាគន្លាតសុវត្ថិភាពសង្គម និងពាក់ម៉ាស់ជាដើម បើទោះបីជាមានការផ្ទុះនូវវីរុសកូវីដ១៩បំលែងថ្មីក៏ដោយ។
យ៉ាងណាមិញ លោកថា «ភ្លើងមិនទាន់រលត់ទេ ប៉ុន្តែយើងបានកាត់បន្ថយទំហំរបស់វា។ ប្រសិនបើយើងឈប់ប្រយុទ្ធ វានឹងត្រឡប់មករកយើងវិញ»៕
សូមបញ្ជាក់ផងដែលថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១០,០២២,១១១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៤២៨,៣៥៨នាក់ និងជាសះស្បើយឡើងវិញ ៨៤,៨៣៧,៥៩៧នាក់៕