អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នានាទូទាំងពិភពលោក ផ្ដល់នូវវ៉ាក់សាំងប្រមាណ ៥០% របស់ខ្លួនជូនដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា គួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើកម្មវិធី COVAX ដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវការបរិច្ចាគវ៉ាក់សាំងជាច្រើនដូស ជូនដល់បណ្ដាប្រទេសក្រីក្រ។
លោក Tedros បានសម្តែងការខកចិត្តរបស់លោកដែលថា ប្រទេសក្រីក្រជាច្រើនមិនអាចសូម្បីតែផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមបុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ និងក្រុមប្រជាជនដទៃទៀតរបស់ពួកគេ ដែលងាយរងគ្រោះបំផុតដោយជំងឺ COVID-19 ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសអ្នកមានមួយចំនួនបាន និងកំពុងទិញវ៉ាក់សាំងជាច្រើនដូស ហើយកំពុងត្រៀមរៀបចំ ដើម្បីចាប់ផ្តើមផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមកុមាររបស់ពួកគេហើយ។
លោក Tedros បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសកល ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ១០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេសនីមួយៗនៅត្រឹមខែកញ្ញា ហើយយ៉ាងហោចណាស់ ៣០ភាគរយនៅត្រឹមចុងឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា កម្មវិធី COVAX ត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ជាពិសេសជូនដល់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាប ហើយកម្មវិធីនេះបានចែកចាយវ៉ាក់សាំងច្រើនជាង ៨០លានដូសហើយជូនដល់បណ្ដាប្រទេស និងដែនដីចំនួន ១២៩៕