(កំពង់ស្ពឺ)៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ជំងឺកូវីដ១៩ អាចនឹងបញ្ចប់នៅពេលណាមួយ ប្រសិនបើប្រជាពលរដ្ឋនៅតាមបណ្តាបប្រទេសទាំងអស់ចូលរួមអនុវត្តតាមអនុសាសន៍ និងវិធានការដែលដាក់ចេញដោយអង្គការសុខពិភពលោក និងវិធានការសុខាភិបាលនានា ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់ខ្លួន។
ការលើកឡើងរបស់លោកស្រី លី អាយលែន បានធ្វើឡើងការបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ «វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿងខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តកំពង់ស្ពឺ។
លោកស្រី លី អាយលែន បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រភេទមេរោគបំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរណ៍ដ៏លើសលប់នៅទូទាំងពិភពលោក បន្ថែមពីនេ វាមានការលំបាក ក្នុងទាយទុកថានឹងមានអ្វីដែលបន្តកើតឡើង ពីព្រោះនៅមានភាពមិនច្បាស់លាស់ជាច្រើនដែលធ្វើឱ្យមានការលំបាក ជាពិសេសលទ្ធភាពនៃការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយនាងខ្ញុំ សូមបញ្ជាក់យ៉ាងខ្លីថា អ្វីដែលជាសកម្មភាពរបស់យើងធ្វើនៅក្នុងថ្ងៃនេះ នៅក្នុងពេលនេះ ហើយនាងខ្ញុំមិនសំដៅតែលើប្រទេសកម្ពុជាទេ គឺទៅដល់ប្រទេសទាំងអស់នៅលើសកលលោក ប្រសិនបើយើងធ្វើសកម្មភាព ដែលត្រឹមត្រូវយើងអាចកំណត់នៅក្នុងអនាគតមួយ មានន័យថា ប្រសិនបើប្រទេសទាំងអស់ចូលរួមនៅក្នុងការអនុវត្តនូវវិធានការ និងអនុសាសន៍ទាំងអស់ ដែលបានដាក់ចេញដោយអង្គការសុខភាពពិភពលោកនោះយើងអាចមានភាពច្បាស់លាស់មួយថា ការត្បាតជាសកលនេះនឹងអាចចប់ទៅនៅក្នុងពេលណាមួយ ជាពិសេសនៅក្នុងពេលនេះ បណ្តាប្រទេសមួយចំនួនមានការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ ប៉ុន្តែ ពួកបានដកចេញការអនុវត្តវិធានការសុខាភិបាល ដែលធ្វើឱ្យមេរោគកូវីដ១៩ វាយលុកនៅក្នុងសង្គមឡើងវិញ»។
បើតាមលោកស្រី លី អាយលែន ក៏បានគូសបញ្ជាក់ថា មិនមែនជាការងាយស្រួលនោះទេ ក្នុងបើកឱ្យដំណើរការសង្គម និងការវអនុវត្តវិធានការសុខាភិបាល ក្នុងពេលដំណាលគ្នា។ ប៉ុន្តែ ពិតជាមានការលំបាកក្នុងការកំណត់ ឬការទាយទុកឱ្យបានជាក់លាក់ិតប្រាកដពីស្ថានភាពនៃជំងឺកូវីដ១៩នេះ ប៉ុន្តែអ្វីដែលជាមេរៀន បទពិសោធន៍ និងទិន្នន័យដែលមាននាពេលនេះ គឺថាមានឱកាសនៃការលេចចេញនូវមេរោគបំប្លែងថ្មីផ្សេងទៀត។
លោកស្រីបានបន្តថា ការបន្តរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលពិភពលោកកំពុងតែទប់ស្កាត់នេះ វាក៏ជាឱកាសដើម្បីឱ្យបណ្តាប្រទេសនានា ទប់ស្កាត់ការផ្ទុះឡើងនូវប្រភេទមេរោគបំប្លែងថ្មីផ្សេងៗទៀតនៅក្នុងពេលអនាគតផងដែរ។
លោកស្រីក៏បានរំឮកដល់ប្រជាពលរដ្ឋទាំងអស់ថា មិនមានដំណោះស្រាយ ឬឧបករណ៍ណាមួយដែលទិព្វតែឯង ដែលអាចប្រើប្រាស់ក្នុងការបំបាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ប៉ុន្តែ យើងងត្រូវប្រើឧបករណ៍អស់ដែលមានស្រាប់ រួមទាំងវ៉ាក់សាំង និងវិធានការសុខាភិបាល និងរក្សាគម្លាតសង្គម ព្រមទាំងវិធានការផ្សេងៗទៀតបញ្ចូលគ្នា ដើម្បីអាចឈានទៅបញ្ចប់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ ជាដើម។
សូមជម្រាបថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៧២,៦៨៨,០២០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១០៥,៧២៧នាក់ និងជាសះស្បើយឡើងវិញ ៤០៨,៨៥៨,៩៣៦នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕