ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង — បេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងការស្វែងរកប្រភពជំងឺកូវីដ១៩ នៅប្រទេសចិន មិនបានចាប់ផ្តើមដោយស្រួលនោះទេ។ រដ្ឋាភិបាលចិនបានរារាំងសមាជិក ២ នាក់នៃក្រុមអ្នកជំនាញរបស់អង្គការ WHO នេះមិនឱ្យឡើងជិះយន្តហោះនៅក្នុងប្រទេសសិង្ហបូរី បន្ទាប់ពីអ្នកទាំងពីរនាក់នេះធ្វើតេស្តឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩។
សមាជិកផ្សេងទៀតបានធ្វើដំណើរទៅដល់ទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែមករា ដែលនៅទីនោះ ពួកគេនឹងចំណាយពេលប្រមាណមួយខែ។ ពួកគេនឹងធ្វើចត្តាឡីស័ក ២ សប្ដាហ៍ តាមការទទូចចង់បានរបស់អាជ្ញាធរចិន។
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានរងការចោទប្រកាន់ម្ដងហើយម្ដងទៀតថាបានរារាំងការស៊ើបអង្កេតឯករាជ្យអំពីប្រភពនៃជំងឺកូវីដ១៩ នេះ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានព្យាយាមបង្វែរចេញពីការរិះគន់អំពីផលវិបាកធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺរាតត្បាតជាសាកលនេះផងដែរ។
សម្រាប់អង្គការ WHO នេះជាស្ថានភាពការទូតនិងនយោបាយដ៏លំបាកមួយ។ លោក Mike Ryan ប្រធានកម្មវិធីគ្រាអាសន្ននៃអង្គការ WHO និយាយទទូចថា ក្រុមរបស់លោកគ្មានបំណងបន្ទោសប្រទេសចិន ឬប្រទេសណានោះទេ។
លោក Mike Ryan និយាយដូច្នេះថា៖ «ចូរធ្វើបេសកកម្មនេះនិងបេសកកម្មផ្សេងទៀតឲ្យក្លាយជាបេសកកម្មបែបវិទ្យាសាស្ត្រ មិនមែនបែបនយោបាយនោះទេ។ យើងស្វែងរកចម្លើយនៅទីនេះដែលអាចជួយសង្គ្រោះយើងក្នុងពេលអនាគត មិនមែនស្វែងរកពិរុទ្ធជននិងអ្នកដែលត្រូវស្តីបន្ទោសនោះឡើយ»។
ប្រទេសជាង ១២០ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យអំពីប្រភពនៃវីរុសនេះ។ រដ្ឋាភិបាលជាច្រើនបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកជិតអស់អាណត្តិលោក Donald Trump កន្លងមកជាអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលចិន ដោយជារឿយៗបានហៅវីរុសនេះថាជា «វីរុសចិន» និងបានទាមទារអង្គការសហប្រជាជាតិឲ្យធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលក្រុងប៉េកាំងទទួលខុសត្រូវចំពោះរឿងនេះ។
អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិនបានច្រានចោលការអំពាវនាវឱ្យមានការស៊ើបអង្កេតលក្ខណៈអន្តរជាតិ។ ប៉ុន្តែកាលពីខែកក្កដា ប្រទេសចិននិងអង្គការ WHO បានឯកភាពគ្នាលើគម្រោងមួយ។ ប្រទេសចិនបានទទូចឱ្យមានការអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្ររបស់ខ្លួនធ្វើការស្រាវជ្រាវដំណាក់កាលដំបូងៗ។
លោក Archie Clements ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Curtin នៃប្រទេសអូស្ត្រាលី បាននិយាយថា ការស្រាវជ្រាវនេះអាចមានប្រយោជន៍។
លោកបញ្ជាក់ដូច្នេះថា៖ «វាមិនមែនថាដូចជាគ្មានអ្វីបានកើតឡើងក្នុងរយៈពេល ១២ ខែកន្លងមកនេះទេ។ មានហេតុការណ៍ជាច្រើនបានកើតឡើង ហើយមានភស្តុតាងជាច្រើន។ ដូច្នេះ កិច្ចការមួយរបស់ក្រុមអ្នកជំនាញនៃអង្គការ WHO គឺទៅប្រទេសចិនជួបជាមួយនឹងអ្នកវិទ្យាសាស្ត្រដើម្បីពិនិត្យមើលភស្តុតាង»។
ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ប្រទេសចិនមិនបានលាតត្រដាងឱ្យដឹងអំពីអ្វីដែលអ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានរកឃើញនោះឡើយ។ លោក Clements សង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ក្រុមអ្នកជំនាញរបស់អង្គការ WHO នឹងទទួលបានទិន្នន័យនោះ។
លោក Clements ថ្លែងដូច្នេះថា៖ «ផ្នែកធំមួយនៃការស៊ើបអង្កេតនេះគឺការបង្កើតទំនាក់ទំនងជាមួយមនុស្ស ការណ៍ដែលអាចសួរសំណួរជាលក្ខណៈឯកជននៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព និងការកសាងទំនាក់ទំនងដ៏ស្និទ្ធស្នាល។ ការណ៍ដែលមានការសន្ទនាគ្នាដោយសេរីគឺអាចមានសារៈសំខាន់ ដោយសារតែវាអាចនាំឲ្យដឹងអំពីអ្វីដែលយើងមិនបានរំពឹងទុកពីមុន»។
ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan កាលពីចុងឆ្នាំ ២០១៩។ អ្នកជំនាញជាច្រើនជឿថា វីរុសជំងឺកូវីដ១៩ នេះមានជាយូរមកហើយនៅក្នុងសត្វប្រចៀវ ប៉ុន្តែបានឆ្លងទៅមនុស្សតាមសត្វព្រៃមួយប្រភេទទៀតដែលលក់នៅក្នុងផ្សារមួយកន្លែង។
ដោយមិនមានភស្តុតាងជាក់ស្តែង ព័ត៌មានមិនពិតនិងការនិយាយស្មានៗកើតមានឡើងជាច្រើន។
មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបានស្នើថា វីរុសនេះប្រហែលជាលេចចេញពីវិទ្យាស្ថានវីរុសសាស្ត្រទីក្រុង Wuhan ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវជាន់ខ្ពស់មួយរបស់ប្រទេសចិន។
រដ្ឋាភិបាលចិនបានបង្កើនការច្រានចោលនូវគំនិតដែលថា វីរុសនេះមានប្រភពមកពីប្រទេសចិន។សេចក្ដីរាយការណ៍មួយចំនួនរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនអះអាងថា វីរុសនេះអាចត្រូវបាននាំចូលតាមរយៈគ្រឿងសមុទ្រកកពីប្រទេសអ៊ីតាលី។
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនមួយក្រុមបាននិយាយថា វីរុសនេះមានប្រភពនៅក្នុងប្រទេសឥណ្ឌាកាលពីរដូវក្តៅ ឆ្នាំ ២០១៩។ កាលពីខែមីនា ឆ្នាំមុន មន្ត្រីម្នាក់នៃក្រសួងការបរទេសចិនបានផ្តល់ទ្រឹស្តីគ្មានមូលដ្ឋានមួយថា យោធាសហរដ្ឋអាមេរិកប្រហែលជាបាននាំជំងឺរាតត្បាតនេះចូលទៅទីក្រុង Wuhan។
អង្គការ WHO សង្ឃឹមថា ក្រុមរបស់ខ្លួននឹងអាចផ្តល់ចម្លើយក្នុងពេលឆាប់ៗនេះ ទោះបីវាអាចជាចម្លើយដំបូងៗក៏ដោយ។ អ្នកជំនាញដូចជាលោក Clements ជាដើម ក៏បានយល់ស្របដូច្នេះដែរ។
លោក Clements និយាយថា៖ «អ្វីដែលខ្ញុំសង្ឃឹមគឺថា អ្នកនយោបាយនិងមេដឹកនាំនានានៅលើពិភពលោក អាចផ្តល់ពេលឱ្យក្រុមអ្នកស៊ើបអង្កេតធ្វើការងាររបស់ពួកគេ ដែលជាកិច្ចការបែបវិទ្យាសាស្ត្រ។ វាមិនមែនជាការស៊ើបអង្កេតរឿងនយោបាយនោះទេ»។
ក៏ប៉ុន្តែ មន្ត្រីអង្គការ WHO បាននិយាយដោយប្រុងប្រយ័ត្នថា ក្រុមនេះប្រហែលជាមិនអាចរកឃើញជាក់លាក់អំពីប្រភពពិតប្រាកដនៃវីរុសនេះទេ។ អ្នកជំនាញនិយាយថា មូលហេតុគឺដោយសារតែវីរុសប្រែប្រួលលឿនណាស់៕