Alynana Media Cambodia
Icon Collap
clinic narit

WTO ទម្លាក់ការព្យាករកំណើនពាណិជ្ជកម្មពិភពលោកមកត្រឹម០,៨ភាគរយនៅឆ្នាំនេះ

Media LNN | Oct 07, 2023
WTO ទម្លាក់ការព្យាករកំណើនពាណិជ្ជកម្មពិភពលោកមកត្រឹម០,៨ភាគរយនៅឆ្នាំនេះ
Clinic narith

ភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យចិនជាហេតុផលចម្បងដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទម្លាក់ការព្យាករកំណើនពាណិជ្ជកម្មពិភពលោកមកត្រឹម ០,៨ភាគរយនៅឆ្នាំ ២០២៣ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី អត្រា១,៧ភាគរយដែលបានផ្តល់ឱ្យកាលពីខែមេសា។

អង្គការ​ WTO បញ្ជាក់ថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះនឹងថយចុះខ្លាំងបើធៀបនឹងការព្យាករពីមុនដោយសារកំណើនអតិផរណា អត្រាការប្រាក់ខ្ពស់ និងជម្លោះនៅអ៊ុយក្រែនដែលបន្តដាក់សម្ពាធលើសេដ្ឋកិច្ចទូទាំងពិភពលោក។

ភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យចិនគឺជាដើមហេតុដែលអង្គការ WTO បន្ទាបការព្យាករកំណើនពាណិជ្ជកម្មសកលរបស់ខ្លួនមកត្រឹម ០,៨ភាគរយនៅឆ្នាំនេះ តិចជាងពាក់កណ្តាលនៃការកើន ១,៧ភាគរយដែលបានចេញផ្សាយកាលពីខែមេសា។

ទន្ទឹមនេះ នៅឆ្នាំ២០២៤ ការព្យាករកំណើនត្រូវបានកែតម្រូវទៅ ៣,៣ភាគរយកើនបន្តិចពីការប៉ាន់ប្រមាណពីមុន ៣,២ភាគរយ។ ចំណែកផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់ពិភពលោកនឹងកើនឡើង ២,៦ភាគរយនៅឆ្នាំនេះ និង ២,៥ភាគរយនៅឆ្នាំ ២០២៤។

ការព្យាកររបស់ WTO មិនរាប់បញ្ចូលការធ្វើពាណិជ្ជកម្មលើសេវាកម្មទេ ប៉ុន្តែទិន្នន័យបឋមបង្ហាញថា កំណើននៅផ្នែកនេះអាចនឹងមានតិចតួចជាងបន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងកាលពីឆ្នាំមុននៅក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើរ។

ប្រមុខសេដ្ឋវិទូរបស់ WTO លោក Ralph Ossa បាននិយាយថា និន្នាការកំណើនវិជ្ជមាននៃបរិមាណទំនិញនាំចូល-នាំចេញនឹងបន្តរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែពិភពលោកត្រូវតែមានការប្រុងប្រយ័ត្ន។

របាយការណ៍នេះបានទទួលស្គាល់ថា មូលហេតុពិតប្រាកដនៃការធ្លាក់ចុះពាណិជ្ជកម្មគឺមិនច្បាស់លាស់ ប៉ុន្តែអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ ប្រាក់ដុល្លារកើនឡើង និងភាពតានតឹងភូមិសាស្ត្រនយោបាយ សុទ្ធតែជាកត្តារួមចំណែក។

បើទោះបីទស្សនវិស័យពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២៤ មើលទៅមានលក្ខណៈអំណោយផលជាង WTO នៅតែព្រមានពីផលប៉ះពាល់អវិជ្ជមាននៃការបែងចែកសក្តានុពលនៅក្នុងពាណិជ្ជកម្មពិភពលោករវាងប្លុកភូមិសាស្ត្រនយោបាយទាំងពីរជុំវិញជម្លោះនៅអ៊ុយក្រែន។

អគ្គនាយិកាអង្គការ WTO លោកស្រី Ngozi Okonjo-Iweala បានអំពាវនាវឱ្យប្រទេសនានាជៀសវាងការការពារនិយម ដើម្បីរួមចំណែកក្នុងការពង្រឹងក្របខ័ណ្ឌពាណិជ្ជកម្មពិភពលោក។ លោកស្រីសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោកជាពិសេសប្រទេសក្រីក្រ នឹងតស៊ូងើបឡើងវិញដោយគ្មានប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានស្ថិរភាព បើកចំហ និងយុត្តិធម៌៕