Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការងារ៖ កម្មករក្រុមហ៊ុន Y&W អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់នៅថ្ងៃទី២៣ ខាងមុខនេះ

Media LNN | Mar 20, 2024
ក្រសួងការងារ៖ កម្មករក្រុមហ៊ុន Y&W អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់នៅថ្ងៃទី២៣ ខាងមុខនេះ
Clinic narith

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិតនៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​របស់ខ្លួនដែលក្រុមហ៊ុនជំពាក់នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​នៅ​សាលាខណ្ឌដង្កោដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ នេះ​បើ​យោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២០ ខែ​មីនា​នេះ។  

ក្រសួងគូសបញ្ជាក់ថា៖ “ យោងតាមដីកាសម្រេចលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ និង​សម្ភារ​របស់ ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មាន​ទីតាំង​ស្ថិត​នៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដោយ​មាន​ការ​តម្កល់​ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុន ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប​ជូន​ដំណឹង​ដល់​បងប្អូនកម្មករនិយោជិត នៃ​ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា​ក្រសួង​នឹង​ចាប់​ផ្តើម​បើក​ផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត ចាប់ពីម៉ោង ២ រសៀល ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

បន្ថែមពីនេះ ក្រសួង បានស្នើឱ្យកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូច១. ប័ណ្ណ​សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករ​និយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕