ក្រុមហ៊ុន Hyundai និង Kia របស់កូរ៉េខាងត្បូង កំពុងដើរប្រមូលរថយន្តជាង៣លានគ្រឿង នៅសហរដ្ឋអាមរិក ត្រឡប់មកវិញក្រោយរកឃើញថា រថយន្តទាំងនោះមានហានិភ័យផ្ទុះឆេះម៉ាស៊ីនខ្ពស់។ ទន្ទឹមនឹងប្រកាសប្រមូលរថយន្តត្រឡប់មកវិញ ក្រុមហ៊ុននេះបានប្រាប់ម្ចាស់រថយន្តឱ្យចតរថយន្តនៅខាងក្រៅផ្ទះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនរថយន្តទាំង២បាននិយាយថា ការលេចធ្លាយប្រេងហ្វ្រាំងខាងក្នុងរថយន្តអាចបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលងាយបង្កឱ្យមានភ្លើងឆេះកើតឡើង។ រដ្ឋាបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ(NHTSA)នៅអាមេរិកបាននិយាយថា ម្ចាស់រថយន្តគួរតែធ្វើតាមការណែនាំរបស់ក្រុមហ៊ុន និងចតយានយន្តរបស់ខ្លួននៅខាងក្រៅផ្ទះ ដរាបណាមិនទាន់បានជួសជុលឡើងវិញ។
ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនមានរបាយការណ៍ពីការឆេះរថយន្តចំនួន២១លើក និងឧប្បត្តិហេតុឡើងកម្ដៅខ្ពស់ចំនួន២១ចាប់តាំងពីឆ្នាំ២០១៧ ហើយក្រុមហ៊ុននេះក៏សម្រេចចិត្តប្រមូលមកវិញដើម្បីជួសជុលឡើងវិញ ខណៈដែលក្រុមហ៊ុន Kia វិញបានរបាយការណ៍ពីករណីឆេះយ៉ាងតិច១០លើកដោយសារតែការផ្ទុះឆេះ និងការឡើងកម្ដៅក្នុងរថយន្តផងដែរ។
ឯកសាររបស់រដ្ឋាបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបានបង្ហាញថា ចំនួនរថយន្តដែលក្រុមហ៊ុន Kia America បានប្រមូលមកវិញនោះមានជិត២លានគ្រឿង ដែលគ្របដណ្តប់លើរថយន្តម៉ាក ដូចជា Borrego, Cadenza, Forte, Sportage, K900, Optima, Soul Rio, Sorento និង Rondo ដែលត្រូវបានផលិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧។
ក្រុមហ៊ុនរថយន្តនេះបាននិយាយថា ប្រព័ន្ធគ្រប់គ្រងអគ្គិសនី និងទឹកក្នុងយានយន្តអាចមានបញ្ហាចរន្តអគ្គិសនី ដោយសារការលេចធ្លាយប្រេងហ្រ្វាំង ដែលអាចបណ្តាលឱ្យឆេះផ្នែកម៉ាស៊ីនរថយន្តនៅពេលចត ឬកំពុងបើកបរដោយប្រការណាមួយ។
ចំណែកក្រុមហ៊ុន Hyundai វិញកំពុងប្រមូលមកវិញនូវរថយន្តម៉ាកដូចជា Elantra, Genesis Coupe, Sonata Hybrid, Accent, Azera, Veloster, Santa Fe, Equus, Veracruz, Tucson, Tucson Fuel Cell និង Santa Fe Sport ដែលបានផលិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ និងមានចំនួនសរុបជិត២លានគ្រឿងផងដែរ។
ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយនៅក្នុងឯកសារថា ប្រព័ន្ធស្តុកប្រេងហ្វ្រាំងក្នុងរថយន្ត (ABS) អាចនឹងលេចធ្លាយនៅខាងក្នុងរថយន្ត និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ដែលអាចបណ្តាលឱ្យឆេះប្រអប់ម៉ាស៊ីននៅពេលចត ឬកំពុងបើកបរ។
ក្រុមហ៊ុនផលិតរថយន្តទាំង២នេះបាននិយាយថា ក្រុមហ៊ុនចែកចាយនឹងធ្វើការជួសជុល ដើម្បីផ្លាស់ប្ដូរប្រព័ន្ធ ដែលមានបញ្ហាទាំងនេះតាមតម្រូវការរបស់ម្ចាស់រថយន្ត ហើយគេរំពឹងថា ម្ចាស់រថយន្តនឹងទទួលការជូនដំណឹងពីការប្រមូលរថយន្តមកវិញនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣៕