មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានធ្វើដំណើរវិលទៅប្រទេសរបស់លោកវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនថ្ងៃជិត១សប្ដាហ៍របស់លោក ដែលបានធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំង២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី បានរាយការណ៍ថា លោក Kim បានចាកចេញពីប្រទេសរុស្ស៊ី តាមរថភ្លើងពាសដែកពីតំបន់ព្រីម៉ូយ៉េ (Primorye)នៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ីក្រោយពិធីលាដែលបានធ្វើឡើងនៅស្ថានីយ៍រថភ្លើងអាទីយ៉ូមព្រីម៉ូស្គី១ (Artyom-Primorsky-1) ។
ចម្ងាយពីទីក្រុង អាទីយ៉ូម ទៅកាន់ស្ថានីយ៍រថភ្លើងខាសាន (Khasan) នៅតាមព្រំដែនរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើងជាង២០០គីឡូម៉ែត្រ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងអាចផ្ដល់គ្រាប់រំសេវសម្រាប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាផលិតអាវុធទំនើបរបស់រុស្ស៊ី ដែលនឹងបង្កើនមហច្ឆិតានុយក្លេអ៊ែររបស់លោក Kim។
ដំណើរទៅកាន់បរទេសលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បានរួមបញ្ចូលទាំងជំនួបមួយជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងការពិនិត្យមើលយន្តហោះជម្លាក់គ្រាប់បែកយុទ្ធសាស្ត្របំពាក់នុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និងនាវាចម្បាំងជាដើម៕