Alynana Media Cambodia
Icon Collap
clinic narit

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ថានាយករដ្ឋមន្ត្រី លោក Kishida នឹងដកខ្លួនចេញពីការប្រកួតប្រជែងតំណែងជាប្រធានបក្ស

Media LNN | Aug 14, 2024
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ថានាយករដ្ឋមន្ត្រី លោក Kishida នឹងដកខ្លួនចេញពីការប្រកួតប្រជែងតំណែងជាប្រធានបក្ស
Clinic narith

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន នៅថ្ងៃពុធ ទី១៤ ខែសីហានេះបានរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានបំណងដកខ្លួនចេញពី ការប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សកាន់អំណាចរបស់លោកសព្វថ្ងៃ ដែលនេះមានន័យថាលោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គណបក្សប្រជាធិបតេយ្យសេរីនិយម ឬហៅកាត់ថា LDP ជាបក្សកាន់អំណាចសព្វថ្ងៃ និងដែលបានដឹកនាំប្រទេសជប៉ុនស្ទើរតែគ្រប់អាណត្តិចាប់តាំងពីឆ្នាំ១៩៤៥ មក គ្រោងនឹងរៀបចំការប្រកួតប្រជែងផ្ទៃក្នុងដើម្បីជ្រើសរើសប្រធានបក្សថ្មី នៅខែក្រោយនេះ។ បើតាមសារព័ត៌មានជប៉ុន NHK និង Kyodo លោក Kishida បានជូនដំណឹង ទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោក ពីបំណងដកខ្លួនចេញពីការប្រកួត ហើយលោកគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថៃ្ងពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា លោក Kishida មានអាយុ៦៧ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក តែប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ ដោយសារការដាក់ចេញវិធានការដោះស្រាយបញ្ហា ពាក់ព័ន្ធការឡើងថ្លៃទំនិញដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជនជប៉ុន៕